
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី
អ្នកនាំពាក្យគណបក្សសមរង្ស៊ីលោកយឹម សុវណ្ណ បានស្នើ អោយរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ការពិតដែលបានរិះគន់ ពីសំណាក់សារព័ត៌មានបរទេសមួយនៅប្រទេសអង់គ្លេស និងថា ការរិះគន់របស់កាសែតបរទេសមួយនោះមិនបានផល ប្រយោជន៍អ្វីពីកម្ពុជាក្រៅតែពីចង់ ឱ្យកម្ពុជាធ្វើល្អនោះទេ ។
កាសែតអង់គ្លេសមួយ មាន ឈ្មោះថា ធិនានចិលា ទិមសេ បានចុះផ្សាយកាលពីពេលថ្មីៗនេះ ពាក់ព័ន្ធនឹងរដ្ឋាភិបាល ខ្មែរប្តឹងអ្នកកាសែត និងអ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ី ព្រមទាំងមន្ត្រីសង្គមស៊ីវិលថា ផ្សាយព័ត៌មានមិនពិត និង បរិហាកេរ្តិ៍មន្ត្រីរដ្ឋាភិបាល ។
Financial times ដែលសរសេរអត្ថបទដោយអ្នកនិពន្ធជាជនជាតិអង់គ្លេស ឈ្មោះ Tim Johnston មានចំណងជើងថា “ប្រទេសកម្ពុជាបង្ក្រាបទៅលើអ្នកប្រឆាំង” ។ ខ្លឹមសារនៃអត្ថ បទសង្ខេបដែល The Cambodia Daily បានដកស្រង់ ចុះផ្សាយនៅថ្ងៃម្សិលមិញបានសរសេរអំពី លោកហង្ស ចក្រា ចាងហ្វាងការផ្សាយកាសែត ខ្មែរម្ចាស់ស្រុក ជាប់ពន្ធនា គារពីបទផ្សាយព័ត៌មានមិនពិត, ការកាត់ទោសលោកមឿង សុន ប្រធាន អង្គការមូលនិធិ ទ្រទ្រង់អរិយធម៌ខ្មែរឱ្យជាប់ ពន្ធនាគាររយៈ ពេល២ឆ្នាំ ពីបទចោទប្រកាន់ ដូចគ្នា នឹងបណ្តឹងបរិហារកេរ្តិ៍ប្រ ឆាំងលោកស្រីមូរ សុខហួរ អ្នកតំណាង រាស្ត្រគណបក្សសម រង្ស៊ី មណ្ឌលកំពត ។
ខ្លឹមសារ របស់ Financial times នេះ បានធ្វើអោយលោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត ខ្មែរប្រចាំប្រទេសអង់គ្លេសប្រតិ កម្មយ៉ាងធ្ងន់ៗ និងថានេះជា រឿងមិនពិត ។ ប៉ុន្តែមន្ត្រីគណ បក្សសម រង្ស៊ី បានថ្លែងថា រដ្ឋាភិបាលលោកហ៊ុន សែនល្មម ទទួលស្គាល់ការពិតហើយ ។
លោកយឹម សុវណ្ណ បានថ្លែងថា “ខ្ញុំបានមើលកាសែត The Cambodia Daily ហើយឃើញ គេសរសេរថា ឯកអគ្គរាជទូត ខ្មែរប្រចាំនៅប្រទេសអង់គ្លេសបានធ្វើលិខិតមួយឆ្លើយតប ។ ខ្ញុំយល់ឃើញថាយើងគួរតែទទួលស្គាល់ការពិត ពីព្រោះ បរទេស, កាសែតបរទេសអត់មានផលប្រយោជន៍អ្វី នៅក្នុងប្រទេសខ្មែរ នៅក្នុងការទិតៀនចំពោះ ស្ថានភាពសិទ្ធិ មនុស្ស របស់ប្រទេសខ្មែរទេ។ គេទាំងអស់នោះ គឺចង់ឱ្យប្រទេសខ្មែរយើងរីកចំរើនមានលទ្ធិប្រជាធិបតេយ្យ មានការ គោរពសិទ្ធិមនុស្សស្របទៅតាមអ្វីដែលខ្លួនបានចុះហត្ថលេខានៅក្នុងក្របខណ្ឌច្បាប់អន្តរជាតិដែលធានាថាប្រទេស កម្ពុជាគោរពសិទ្ធិមនុស្សអោយបានត្រឹមត្រូវ ពីព្រោះសព្វថ្ងៃហ្នឹង គឺប្រទេសកម្ពុជាយើងពឹងពាក់ទៅលើជំនួយបរទេស ភាគ ច្រើន, ហើយយើងក៏ត្រូវការ កសាង កេរ្តិ៍ឈ្មោះរបស់យើង នៅលើឆាកអន្តរជាតិក្នុងការទាក់ទាញ ឱ្យអ្នកវិនិយោគ ទុនចូលមករកស៊ីក្នុងប្រទេសកម្ពុជា ដើម្បីឱ្យគេមកជួយប្រទេសកម្ពុជា ផ្តល់ជំនួយ ផ្តល់ប្រាក់កម្ចី ” ។
លោកបានបន្តថាប្រទេសជាច្រើននៅលើពិភពលោក គេមិនពេញចិត្ត នឹងរបបផ្តាច់ការនោះទេ, ហើយប្រទេសដែលគេ គោរពច្បាប់ គឺមានការគោរពសិទ្ធិមនុស្សមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ, ប្រជាពលរដ្ឋរបស់គេមានសិទ្ធិសេរីភាព ក្នុងការបញ្ចោញមតិ ។
លោកហោ ណាំបូរ៉ាដែលជាកូនប្រុសលោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបាន ច្រាលចោលនៅក្នុងសេចក្តី ថ្លែងការណ៍ ចំពោះការរិះគន់ របស់ Financial times នេះ ហើយថា របាយការណ៍នេះ ដែលធ្វើ ឱ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ណាស់ ដែលលោកសូមបដិសេធទាំងស្រុង ។
លោកយឹម សុវណ្ណ បានមាន ប្រសាសន៍ថា ការិះគន់របស់កាសែតអង់គ្លេសនេះ គឺគ្រាន់តែជាយោបល់ដើម្បីកសាង ប្រទេសកម្ពុជា ។ លោកបានបញ្ជាក់ថា លោកហោ ណាំបូរ៉ា សរសេរ លិខិតនេះ គឺគ្រាន់តែជាការបិទបាំងការពិត ហើយ លោកយល់ឃើញថា ការពិនិត្យពិចារណារបាយការណ៍របស់គេឱ្យបានដិតដល់ដើម្បីកែប្រែនូវអ្វីដែលខ្មែរខ្វះខាតគឺជា ការចាំបាច់ពីព្រោះ យើងបំបិទសិទ្ធិសេរីភាព អ្នក ដែលមានមតិផ្ទុយពីរដ្ឋាភិបាល ដូចសព្វថ្ងៃ បង្ក្រាបលក្ខណៈជាប្រព័ន្ធ ទៅលើអ្នកប្រឆាំងនឹង រដ្ឋាភិបាលតាមរយៈដកអភ័យ ឯកសិទ្ធិអ្នកតំណាងរាស្ត្រ តាម រយៈការចាប់អ្នកកាសែតដាក់ពន្ធ នាគារ តាមរយៈការកាត់ទោសមន្ត្រីសង្គមស៊ីវិលមួយចំនួន គឺជារឿងពិតដោយមិនអាចប្រកែកបាននូវការរំលោភសិទ្ធិ មនុស្ស ។
លោកយឹម សុវណ្ណ បានបន្ត ថា ការំលោភសិទ្ធិមនុស្សនៅកម្ពុជា មិនមែនមានតែទៅលើអ្នកប្រឆាំងទេគឺបានរំលោភ លើសិទ្ធិប្រជាពលរដ្ឋ តាមរយៈនៃការបណ្តេញចេញពីលំនៅដ្ឋានជាដើម ។ ដូច្នេះពិភពលោកគេ នឹងមិនអនុញ្ញាតឱ្យមេ ដឹកនាំខ្មែរធ្វើអ្វីៗស្រេចតែចិត្តដូចជារបបខ្មែរក្រហមនោះទេ ៕


