Featured Posts

Saturday, May 22, 2010

ករណីទំនាស់ដីធ្លីនៅឃុំអមលាំងខេត្តកំពង់ស្ពឺគ្មានដំណោះស្រាយអ្វីទាំងអស់សម្រាប់អ្នកភូមិ


ទោះបី ជាក្រុម បុគ្គលិក សិទ្ធិ មនុស្ស ព្យាយាម បើក វេទិកា សាធារណៈ មួយនៅ ឃុំ អមលាំង ស្រុក ថ្ពង ខេត្ត កំពង់ស្ពឺ ដើម្បី ស្វែងរក ដំណោះស្រាយ ករណី ទំនាស់ ដីធ្លី រវាងអ្នកភូមិ និង ក្រុមហ៊ុន ឧកញ៉ា លី យ៉ុងផាត់ យ៉ាងណា ក៏ដោយ ក៏នៅ តែ គ្មាន លទ្ធផល អ្វីដែល គួរ នឹង ទទួល យក បាន ដែរ។

កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រី សិទ្ធិមនុស្សបានថ្លែងប្រាប់អ្នក សារព័ត៌មានថា នៅក្នុងវេទិកាសាធារណៈ
នោះគឺក្រុមអ្នកភូមិ នៅមូលដ្ឋានបានច្រានចោលនូវ ការដោះស្រាយជាថ្មីរបស់រដ្ឋាភិបាល។ ហើយ
ដំណោះស្រាយ ដែលមន្ត្រីរដ្ឋាភិបាលបានលើក ឡើងនោះ ក៏ផ្ទុយពីបំណងប្រាថ្នារបស់អ្នកភូមិថែម
ទៀតផង។​ ប្រតិកម្មរបស់អ្នកភូមិត្រូវបានលើកឡើងយ៉ាងក្តៅគគុក មួយរំពេច ខណៈពេលដែល
មន្ត្រីមូលដ្ឋានមួយរូបបាននិយាយ តាមរបៀបអែបអបថា «ដីធ្លីរបស់អ្នកភូមិពុំមានរងការប៉ះពាល់
ដោយសារដីសម្បទានរបស់ ឧកញ៉ា លី យ៉ុងផាត់ សមាជិក ព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា
ឡើយ»។

ជាក់ស្តែងអភិបាលរងខេត្តកំពង់ស្ពឺមួយរូបឈ្មោះ លឿង សុផាត ដែលបានចូលរួមក្នុងវេទិកាសា
ធារណៈរៀបចំឡើង ដោយមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជានៅឃុំអមលាំងបាន និយាយថា ក្រសួង
កសិកម្មបាន កាត់បន្ថយទំហំដីសម្បទាន សម្រាប់ដាំដើមអំពៅរបស់ ឧកញ៉ា លី យ៉ុងផាត់ ១ម៉ឺនហិក
តាមកនៅត្រឹម៨៣៤៣ហិកតាវិញ។

លោក លឿង សុផាត បានបន្តនិយាយកោកៗទៀតថា «ហើយពេលនេះក៏កំពុងកាត់ បន្ថយដី
សម្បទានទំហំ១ម៉ឺនហិកតារបស់ប្រពន្ធឧកញ៉ា លី យ៉ុងផាត់ ដែលនៅជាប់គ្នានេះ ឱ្យនៅសល់ត្រឹម
តែ៧៤៦០ហិកតាផងដែរ»។

អភិបាលរងខេត្តកំពង់ស្ពឺ រូបនេះបានព្យាយាមពន្យល់អ្នកភូមិបន្ថែមថា ក្រសួងកសិកម្មបានធ្វើ
បែបនេះដោយសារតែ ការព្រួយបារម្ភរបស់អ្នកភូមិ ដែលដីសម្រាប់ធ្វើកសិកម្មរបស់ ខ្លួននឹងត្រូវរង
ផលប៉ះពាល់នោះ។

ដោយឡែកលោក លឿង សុផាត នៅបានប្រាប់អ្នកភូមិដែលជាជនរងគ្រោះឱ្យដឹងពីផែនការសង
ជម្ងឺចិត្តរបស់ក្រុមហ៊ុន ដែលត្រូវផ្តល់ជូនអ្នកភូមិនូវដី សម្បទានសង្គមកិច្ចទំហំ៤២៤ហិកតានៅក្នុងឃុំ
របស់អ្នកភូមិ និងដីទំហំ១០៤០ហិកតានៅឯ តំបន់ព្រៃសហគមន៍មួយក្នុងឃុំ ត្រពាំងជោរ។

ក្នុងនោះអភិបាលរងខេត្ត កំពង់ស្ពឺនៅតែនិយាយយ៉ាង សឿងបឿងគួរឱ្យអស់សំណើច ថា អ្នកភូមិ
មិនត្រូវបានដាក់ សម្ពាធដោយអាជ្ញាធរឬគម្រាម កំហែងដោយកម្លាំងទាហាននៅលើដីសម្បទាន
ទាំងនោះទេ។ ហើយថា គាត់ក៏មិនបានបង្ខំឱ្យអ្នកភូមិលក់ដីទៅឱ្យក្រុមហ៊ុន ឬដោះដូរដីធ្លីនេះដែរ
ពោលគឺវាអាស្រ័យលើអ្នកភូមិជាអ្នកសម្រេចចិត្តតែប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់អ្នកភូមិដែលបានចូលរួមក្នុងវេទិកាសាធារណៈនោះវិញ​ បានអះអាងដូចៗគ្នាថា ពួក
គាត់មិនចាប់អារម្មណ៍អ្វីនឹងការផ្តល់ឱ្យដោយលោក លឿង សុផាត នោះទេ ព្រោះការផ្តល់ បែបនេះ
វាផ្ទុយពីបំណងប្រាថ្នារបស់ពួកគាត់ទាំងស្រុង។

រហូតមកដល់ពេលនេះមិន ទាន់មានដំណោះស្រាយណាមួយ ដែលត្រូវបានគេធ្វើឡើងនៅក្នុង
វេទិកាសាធារណៈកាលពីថ្ងៃ ព្រហស្បតិ៍កន្លងមកនោះទេ។ ហើយផ្ទុយទៅវិញ គឺមានតែធ្វើ ឱ្យ
ប្រជាពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺទទួលរង នូវការឈឺចាប់មួយកម្រិតទៀត។

លោក ឈឹម សាវុធ ដែលជាអ្នកសម្របសម្រួលរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងជាអ្នក
រៀបចំវេទិកានេះឡើង បានមានប្រសាសន៍ថា អាជ្ញាធរក្នុងមូលដ្ឋាននិងអ្នកភូមិប្រហែល៦០០នាក់បានចូលរួមក្នុងវេទិកាសាធារណៈនេះ។ហើយក្នុងនោះ ក៏មានសមាជិកសភាមកពីគណបក្ស
នានាក៏បានចូលរួមដែរ លើកលែងតែសមាជិកសភាមក ពីគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែល
មិនហ៊ានលេចមុខ ទៅប្រឈមនឹងការពិតនោះ។

លោកឈឹម សាវុធ បានឱ្យ ដឹងទៀតថា ការផ្តល់ជូនដោយ មន្ត្រីរដ្ឋាភិបាលមិនត្រូវបានរាប់បញ្ចូល
តាមការទាមទារណាមួយពីសំណាក់អ្នកភូមិក្នុងរឿងទំនាស់ដីធ្លីនេះទេ។ ផ្ទុយទៅវិញក្រុមអាជ្ញាធរ
បែរជាប្រឹងប្រែងយ៉ាងសកម្មក្នុងការជួយក្រុមហ៊ុន របស់ឧកញ៉ាលី យ៉ុងផាត់ដោយ គ្មានការពិចារ
ណាអ្វីឡើយ។

ឥឡូវនេះក្រុមអ្នកតាមដាន នានាកំពុងតែឃ្លាំមើលដោយ យកចិត្តទុកដាក់បំផុតចំពោះដំណើររឿង
ដ៏អាស្រូវក្នុងករណី ទំនាស់ដីធ្លីនៅឃុំអមលាំងរវាង ប្រជាកសិករក្រីក្រនិងក្រុមហ៊ុន ឧកញ៉ាមហា
សេដ្ឋី លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភាគណបក្ស ប្រជាជនកម្ពុជាហើយៗសាច់ រឿងនេះតើរដ្ឋា
ភិបាលដែលដឹក នាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវឈរខាងអ្នកណា ? ឈរខាងប្រជាកសិករ
ឬឈរ ខាងឧកញ៉ា លី យ៉ុងផាត់ ?៕
read more...

ក្លឹបអ្នកកាសែតកម្ពុជាព្រួយបារម្ភពីសេរីភាពសារព័ត៌មានក្នុងកណ្តាប់ដៃតុលាការ


ថ្មីៗនេះ អ្នកសារព័ត៌មាន ចំនួន៣នាក់ ត្រូវបាន សាលាដំបូង ខេត្តកំពង់ឆ្នាំង ចេញដីកា បង្គាប់ឱ្យ ចូល
ខ្លួន ដើម្បី សាកសួរ អំពី បណ្តឹង បរិហារកេរ្តិ៍ និង ផ្សាយ ព័ត៌មាន មិនពិត។ ក្នុង នោះ មាន ភ្នាក់ងារ សារព័ត៌មាន កោះសន្តិភាព, កម្ពុជា ថ្មី និង ខ្មែរ ស្ថាបនា ដែលត្រូវ ប្រឈម នឹងការ សាកសួរ ពី សំណាក់ មន្ត្រី តុលាការ បន្ទាប់ ពី មាន ពាក្យ បណ្តឹង របស់ ឈ្មោះ នួន សុវណ្ណរិទ្ធ ។


ទាក់ទិននឹងករណីខាងលើនេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក)បានចេញសេចក្តីថ្លែង ការណ៍មួយ
កាលពីថ្ងៃទី២០ ខែ ឧសភាឆ្នាំ២០១០ដែលក្នុងនោះ ក.អ.ក បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង
ចំពោះសេរី ភាពសារព័ត៌មាននៅកម្ពុជា។


ជាមួយគ្នានេះដែរ ក.អ.ក បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍របស់ខ្លួនថា «ក្លឹបអ្នកកាសែតកម្ពុជា
បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណី បណ្តឹងបរិហាកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិតនេះ
ហើយបានកត់ សម្គាល់ថា បណ្តឹងនេះកើតមាន ក្រោយពេលដែលកាសែតកោះសន្តិភាព និង
កាសែតកម្ពុជាថ្មី បានចុះផ្សាយអត្ថបទពាក់ព័ន្ធការកាប់បំផ្លាញព្រៃឈើរាន យកដីនៅចំណុចអូររលុះ
ស្ថិតក្នុង ភូមិអញ្ចាញរូង ឃុំពេជចង្វា ស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង»។


សេចក្តីថ្លែងការណ៍ដដែល នេះបានបន្តទៀតថា តាមអត្ថ បទដែលបានចុះផ្សាយនោះ គឺ ក្លឹបអ្នក
កាសែតកម្ពុជាពិនិត្យឃើញថា មានលក្ខណៈត្រឹមត្រូវតាមវិជ្ជាជីវៈ និងតាមការពិតជាក់ស្តែង ដែល
មិនមានចំណុចណា មួយត្រូវប្តឹងពីបទបរិហាកេរ្តិ៍ ឬ ផ្សាយព័ត៌មានមិនពិតនោះឡើយ។


ទោះជាដូច្នេះក្តី ក្លឹបអ្នកកា សែតកម្ពុជានៅតែអំពាវនាវ ដោយទទូចដល់សាលាដំបូងខេត្តកំពង់ឆ្នាំង
ឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តចំពោះ រឿងក្តីខាងលើនេះនិងប្រើប្រាស់សុភវិនិច្ឆ័យ
ដើម្បីធានាថា សេរី ភាពសារព័ត៌មាននៅកម្ពុជាមិន ត្រូវបានរំលោភបំពាន។ ហើយភ្នាក់ងារកាសែត
កោះសន្តិភាព, កម្ពុជាថ្មី និងខ្មែរស្ថាបនាត្រូវតែទទួលបាននូវភាពយុត្តិធម៌។


ក្នុងន័យនេះដែរ លោក ហង្ស ចក្រា ចាងហ្វាងកាសែត «ខ្មែរម្ចាស់ស្រុក» ដែលធ្លាប់ទទួលរងនូវ
ការផ្តន្ទាទោសក្រោម ច្បាប់ព្រហ្មទណ្ឌអន្តរកាលតាម បទចោទប្រកាន់ថា ផ្សាយព័ត៌មានមិនពិតនិង
បរិហាកេរ្តិ៍ជាប់ពន្ធនាគារអស់រយៈពេល៩ខែ ១៧ថ្ងៃក្នុងកំណត់ទោសរយៈ ពេល១២ខែនោះ ក៏បាន
អំពាវ នាវដល់សាលាដំបូងខេត្តកំពង់ ឆ្នាំងឱ្យយកច្បាប់ស្តីពីរបបសារព័ត៌មានមកអនុវត្តលើអ្នក
កាសែត ជាដាច់ខាត។ ពិសេសគឺលោកមិនចង់ឃើញតុលាការប្រើប្រាស់ អំណាចរបស់ខ្លួនជ្រុល
ហួសហេតុតទៅទៀតទេ៕
read more...

Tuesday, May 11, 2010

ប្រតិភូអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីចំនួន២៥រូបស្នើសុំតុលាការចូល ជួបមាសស្រីនិងព្រំជានៅពន្ធនាគារខេត្តស្វាយរៀង


ប្រតិភូ អ្នកតំណាងរាស្ត្រ គណបក្ស សម រង្ស៊ី ចំនួន ២៥រូប បានស្នើទៅ ប្រធានសាលាដំបូង ខេត្ត ស្វាយ រៀងរួចហើយ ដើម្បីសុំចូលជួប សួរសុខទុក្ខ លោកស្រី មាស ស្រី និង លោក ព្រំ ជា ដែល កំពុង ជាប់ឃុំ នៅពន្ធនាគារ ខេត្តស្វាយរៀង។

យោងតាមលិខិតមួយច្បាប់ ដែលចុះហត្ថលេខាដោយលោកស្រី កែ សុវណ្ណរតន៍ អ្នកតំណាងរាស្ត្រ
មណ្ឌលសៀមរាប និងជាអគ្គលេខាធិការគណបក្សសម រង្ស៊ីកាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅ
វេលាម៉ោង១០ព្រឹកនាថ្ងៃទី១៨ខែឧសភាឆ្នាំ២០១០ ប្រតិភូអ្នកតំណាងរាស្ត្រគណ បក្សសមរង្ស៊ីចំនួន
២៥រូបនឹងចូលជួបសួរសុខទុក្ខលោកស្រី មាស ស្រី និងលោក ព្រំ ជា ដែលជា ប្រជាកសិករនៅភូមិ
កោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង,ហើយបច្ចុប្បន្នកំពុងជាប់ឃុំឃាំងនៅ
ពន្ធនាគារខេត្តស្វាយរៀង។

លិខិតរបស់អគ្គលេខាធិការគណបក្សសមរង្ស៊ីបានបញ្ជាក់យ៉ាងដូច្នេះថា «លោកស្រីមាស ស្រី និង
លោក ព្រំ ជា ជាប្រជាកសិកររបស់នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយ
រៀង ដែលត្រូវបានសាលាដំបូងខេត្តស្វាយរៀងចោទប្រកាន់ និងផ្តន្ទាទោសពីបទធ្វើឱ្យខូចខាត
ដោយចេតនា នូវតម្រុយបង្គោលព្រំដែនលេខ១៨៥កាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០១០»។

លិខិតដដែលនេះបានបន្តទៀតថា សំណុំរឿងនេះត្រូវ បានបញ្ជូនទៅសាលាឧទ្ធរណ៍រួចហើយ។
ដូច្នេះអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីដែលមានបញ្ជីឈ្មោះចំនួន២៥រូបស្នើសុំចូលជួបលោកស្រី
មាស ស្រី និងលោក ព្រំ ជា ដើម្បីសួរសុខទុក្ខនៅពន្ធនាគារខេត្តស្វាយរៀងនោះ នឹងប្រព្រឹត្តទៅនៅ
ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ខាង មុខនេះហើយ។

បញ្ជីឈ្មោះប្រតិភូអ្នកតំណាង រាស្ត្រគណបក្សសមរង្ស៊ីទាំង៥ រូបនោះរួមមាន ៖ ១.លោក សុន ឆ័យ,
២.លោក យឹម សុ វណ្ណ , ៣.លោកស្រី កែ សុវណ្ណ រតន៍, ៤.លោក អេង ឆៃអ៊ាង, ៥.លោក គួយ ប៊ុន
រឿន , ៦. លោក ម៉ែន សុថាវរិន្ទ្រ , ៧. លោកស្រី ជូឡុង សូមួរ៉ា, ៨.លោកស្រី មូរ សុខហួរ, ៩.លោក
ជាម ច័ន្ទនី , ១០.លោក គឹម សួរភីរិទ្ធិ, ១១.លោក ម៉ៅ មុនីវណ្ណ , ១២.លោកយន្ត ថារូ, ១៣.លោក
កត្តា ជីវ, ១៤. លោកស្រី ថាក់ ឡានី, ១៥. លោក ឃី វណ្ណដេត , ១៦. លោក នុត រំដួល , ១៧.លោក
ចាន់ ចេង, ១៨.លោក ឃឹម ឡាគី , ១៩.លោកស្រី ពត ពៅ, ២០.លោក ឡុង រី, ២១.លោក ហូរ វ៉ាន់,
២២.លោកស្រី លីស្រី វីណា, ២៣.លោក ជា ប៉ូច , ២៤.លោក គង់ បូរ៉ា, ២៥. លោក តុ វ៉ាន់ចាន់។

គួររំលឹកថា លោកសម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីត្រូវបានតុលាការខេត្តស្វាយរៀង បើកសវ
នាការកាត់ឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំនិងពិន័យជាប្រាក់ ចំនួន៥៨លានរៀល ដែលក្នុងនោះ ពិន័យ
ទៅឱ្យគណៈកម្មការព្រំដែនកម្ពុជាចំនួន៥០លាន រៀលពីបទដែលបានបំផ្លាញតម្រុយបង្គោលព្រំ
ដែន លេខ ១៨៥នៅភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្ទ្រា ខេត្ត ស្វាយរៀង។

សវនាការក្នុងគ្រានោះត្រូវបានធ្វើឡើងតាំងពីម៉ោង៨ព្រឹក ដល់ម៉ោងជិត២រសៀលជាមួយ នឹង
ករណីផ្សេងៗទៀតនោះ ក៏បានកំណត់ដាក់ពន្ធនាគារទៅលើប្រជាពលរដ្ឋខ្មែរជាកសិករបាត់បង់ដី
ស្រែ ដោយសារការបោះបង្គោលព្រំដែននោះដែរ គឺអ្នកស្រីមាស ស្រី និងលោកព្រំ ជា ដែលម្នាក់ៗ
ជាប់ពន្ធនាគារចំនួន១ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ ចំនួន២,៥លានរៀល។ ចំណែកឯ៣នាក់ទៀត
ដែលបានគេចខ្លួននោះត្រូវតុលាការលុបចោលការចោទប្រកាន់៕
read more...

ខ្សែវីដេអូ «តើនរណាសម្លាប់ជាវិជ្ជា?»បញ្ចាំងនៅស្រុកបារាំងចប់នឹងបញ្ចាំងនៅ គណបក្សសមរង្ស៊ីចុងខែនេះ


ខ្សែវីដេអូ តើនរណាសម្លាប់ ជា វិជ្ជា បាន កំពុង ក្លាយជាចំណុចរសើប របស់រដ្ឋាភិបាល ក្រុងភ្នំពេញ ក្នុងការរារាំង មិនឱ្យ ចាក់បញ្ចាំង នៅតាម ទីសាធារណៈ ឫទីស្នាក់ការសមាគម ឬ គណបក្សឡើយ។ ខ្សែវីដេអូនេះ មាន រយៈពេល ៥៥ នាទី និង ៣៦វិនាទី ដោយបង្ហាញពី សកម្មភាពសោកនាដកម្ម ឃាតកបាញ់ សម្លាប់លោក ជា វិជ្ជា នៅតូបលក់កាសែតខាងលិចវត្តលង្កា និងសកម្មភាពបង្ហាញ ឃាតករ សិប្ប និមិត្ត និងសាក្សីផ្ទាល់ភ្នែក និងម្តាយក្មេករបស់ ប៊ន សំណាង ក៏ដូចជាទិដ្ឋភាព អាជ្ញាធរក្រុងភ្នំពេញ ដណ្តើមសពលោក ជា វិជ្ជា ៘

លោកស្រី មូរ សុខហូរ សមាជិកសភាមណ្ឌលកំពត នៃគណបក្សសមរង្ស៊ីបានថ្លែងប្រាប់អ្នកកាសែត
កាលពីថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១០ថា ខ្សែវីដេអូ «តើនរណាសម្លាប់ជា វិជ្ជា?» នឹងត្រូវបានបញ្ជាំង
ប្រកួតប្រជែងជាមួយនឹងខ្សែភាពយន្តល្បីៗមួយចំនួននៅប្រទេសបារាំង ចាប់ពីថ្ងៃទី១២ ដល់២២ឧសភា ហើយភាពយន្តនេះនឹងត្រូវនាំយកមកបញ្ចាំងនៅទីស្នាក់ការគណបក្ស សម រង្ស៊ី នាពេល
ខាងមុខ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់អំពីពេលវេលាបញ្ចាំងនៅថ្ងៃណាច្បាស់លាស់ទេ ។

លោកស្រីមូរ សុខហួរបានមានប្រសាសន៍ឱ្យដឹងទៀតថា នៅពេលដែលគណបក្សសមរង្ស៊ីបញ្ចាំង
ខ្សែវីដេអូ «តើនរណាសម្លាប់ជាវិជ្ជា?» នោះ គណបក្សនឹងអញ្ចើញមន្ត្រីមកពីរដ្ឋាភិបាលចូលរូម
ទស្សនាខ្សែវីដេអូនេះ។ លោកស្រីបន្តថា នៅពេលកំពុងទស្សនាប្រសិនបើមន្ត្រីរដ្ឋាភិបាលមើល
ឃើញចំណុចណាអាក្រក់ ឬមិនល្អធ្វើកិរារឹបអូសទៅ។

លោក រ៉ុង ឈុន ប្រធានសមាគមគ្រួបង្រៀនកម្ពុជាឯក រាជ្យនិងជាមិត្តភ័ក្តសពលោក ជា វិជ្ជា បាន
មានប្រសាសន៍ប្រាប់អ្នកកាសែតថា លោកក៏មានគម្រោងបញ្ចាំងខ្សែវីដេអូនេះ នៅពេលខាងមុខ
ដោយដំបូងបញ្ចាំងចែកក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទស្សនា នៅក្នុងទីតាំងសមាគម និង
ធ្វើសន្និសីទកាសែតផងដែរ។ លោកឱ្យដឹងទៀតថា នៅមុនពេលបញ្ជាំង សមាគមធ្វើ សេចក្តីជូន
ដំណឹងទៅសាលាក្រុងភ្នំពេញ ប៉ុន្តែមិនចាំបាច់សុំការអនុញ្ញាតពីក្រសួងវប្បធម៌វិចិត្រសិល្បៈនោះទេ
ដោយសារតែរឿងនេះ ជារឿងឯកសារ និងជំរុញឱ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតចាប់ឃាតកពិត
ព្រមទាំងអ្នកបញ្ជាពីក្រោយខ្នងមកផ្តន្ទាទោសតាមច្បាប់។

លោកស្រីមូរ សុខហួរ បានឱ្យដឹងថា ខ្សែវីដេអូ តើនរណាសម្លាប់ជាវិជ្ជានោះពុំមានអ្វីដែលរដ្ឋាភិ
បាលខ្លាចមិនឱ្យបញ្ចាំងនោះទេ ព្រោះវាជាការជំរុញាអោយមានការចាប់ឃាតកមកផ្តន្ទាទោសតាម
ច្បាប់តែប៉ុណ្ណោះ។ គណបក្សសមរង្ស៊ីមានគម្រោងបញ្ចាំងវីដេអូនេះ ឱ្យក្រុមកម្មករកម្មការិនីបាន
ទស្សនា ប៉ុន្តែរដ្ឋាភិបាលនៅតែចចេស មិនអនុញ្ញាតដាច់ខាត៕
read more...

ការដកហូតតំណែងលោកហ៊ុនភឿងជារឿងផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិច


ទោះបីជាមាន ការលាបពណ៌ ផាត់ម្សៅឱ្យ លោកឧត្តមសេនីយ៍ ឯក ហ៊ុន ភឿង រដ្ឋលេខាធិការ ក្រសួងការពារជាតិ ថា មាន ទំនាក់ទំនង ជាមួយ គណបក្ស ប្រឆាំងយ៉ាងណា ក៏ដោយ ក៏បញ្ហានេះ ត្រូវបាន មជ្ឈដ្ឋាន ជាទូទៅមើល ឃើញ ថា «វាគ្រាន់តែជា លេសមួយ ដើម្បីបិទបាំងការពិត ខណៈ ដែលវិបត្តិ ផ្ទៃក្នុង គណបក្ស ហ៊្វុនស៊ិនប៉ិច កំពុងតែ ពុះកញ្ជ្រោល នោះ»។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ី និងជា អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញបាន
មានប្រសាសន៍ទាក់ទងនឹងរឿងនេះថាការដកហូតដំណែង របស់លោក ហ៊ុន ភឿង បែប ហ្នឹងគឺជា
ទម្រង់នៃ «ការរើសអើងនយោបាយ»។

មិនតែប៉ុណ្ណោះលោក យឹម សុវណ្ណ បានបដិសេធផងដែរថា «លោក ហ៊ុន ភឿង គ្មានទំនាក់ទំនងអ្វី
ជាមួយគណបក្សសមរង្ស៊ីទេ។ ហើយនេះក៏ជាការចោទប្រកាន់ដោយគ្មានភស្តុតាងអ្វីទាំងអស់»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រក្នុងសប្តាហ៍កន្លងទៅលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃប្រទេស
កម្ពុជាបានប្រកាសដកហូតតំណែងពីលោកហ៊ុន ភឿង ដែលជារដ្ឋលេខាធិការក្រសួងការពារជាតិ
(កូតាគណបក្សហ៊្វុនស៊ិនប៉ិច)។

ក្នុងនោះលោកកែវ ពុទ្ធរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា
លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបានជូនដំណឹងមកលោកថា លោក ហ៊ុន
ភឿន បានដកចេញពីតំណែងរដ្ឋលេខាធិការក្រសួងការពារជាតិហើយ។

ប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះបានបន្តទៀតថា «លោក ញឹក ប៊ុនឆៃ បានប្រាប់ខ្ញុំថា សម្តេច
នាយករដ្ឋមន្ត្រីថា លោក ហ៊ុន ភឿន មានទំនាក់ទំនងជាមួយគណបក្សប្រឆាំង។ ហើយ ខ្ញុំក៏មិនមាន
ព័ត៌មានអ្វីលំអិតលើសពីនេះទៀតឡើយ»។

លោក កែវ ពុទ្ធរស្មី បានបញ្ជាក់ច្បាស់ថា គណបក្សហ៊្វុនស៊ិនប៉ិចមិនទំនាស់នឹងសេចក្តីសម្រេច
ក្នុងការដកហូតដំណែងលោក ហ៊ុន ភឿន ទេ។ ជាមួយគ្នានេះ យើងក៏មិនអាចសុំការបំភ្លឺណាមួយ
ពីលោក ញឹក ប៊ុន ឆៃ អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិចបានដែរ។

យ៉ាងណាក៏ដោយ លោក ហ៊ុនភឿនបានប្រាប់អ្នកកាសែតកាលពីថ្ងៃអាទិត្យថា លោកមិនដែលមាន
ទំនាក់ទំនងអ្វីជាមួយគណបក្សសមរង្ស៊ីទាល់តែសោះ។ លោកបានបន្ថែមទៀតថា «ក្នុងរយៈពេល
ប៉ុន្មានឆ្នាំចុងក្រោយនេះខ្ញុំមិនទាក់ទងជាមួយសកម្មជននៃគណបក្សប្រឆាំងសូម្បីតែម្នាក់ក៏មិនមាន
ផង»។

ចំណុចនេះហើយដែលធ្វើឱ្យអ្នកតាមដាននានាសង្ស័យថា ការដកហូតតំណែងរដ្ឋលេខាធិការ
ក្រសួងការពារជាតិពីលោក ហ៊ុន ភឿង អាចផ្តើមចេញពីវិបត្តិផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិចក៏ថា
បានដែរ, ឬមួយគណបក្សហ៊្វុនស៊ិនប៉ិចមួយនេះចង់ធ្វើ កំណែទម្រង់ស្អីទៀតទេដឹង ?

ប៉ុន្តែប្រភពព័ត៌មានចេញពីអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រនោះបានបង្ហើបតាមកាសែតក្នុង
ស្រុកមួយថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា «គណបក្សហ៊្វុនស៊ិនប៉ិចមានពីរ គឺហ៊្វុន
ស៊ិនប៉ិចរបស់ក្រុមញឹក ប៊ុនឆៃ ធ្វើការជាមួយរដ្ឋាភិបាល, ឯមួយទៀតជាហ៊្វុនស៊ិនប៉ិច លឺ ឡាយ
ស្រេង ធ្វើការជាមួយគណបក្សប្រឆាំង»។

ប្រភពព័ត៌មានដដែលនេះបានបន្តថា «ក្រុមនេះជើងម្ខាងធ្វើការជាមួយរដ្ឋាភិបាល និង ជើងម្ខាង
ទៀតធ្វើការជាមួយគណបក្សប្រឆាំង។ ហេតុនេះដកលោកឧត្តមសេនីយ៍ហ៊ុន ភឿង ចេញពីតំណែង
រដ្ឋលេខាធិការក្រសួងការពារជាតិតែម្តងទៅកុំឱ្យគាត់រវល់ពេក »។

ក្រុមអ្នកតាមដាននានាបានអត្ថាធិប្បាយថា ការដកហូតដំណែងរដ្ឋលេខាធិការក្រសួងការពារជាតិ
ពីលោកហ៊ុន ភឿង មិនទាន់ជាផ្លូវការនៅឡើយ ថ្វីបើការដកហូតនេះជាសម្តីប្រតិកម្មចេញពីមាត់
លោកនាយករដ្ឋមន្ត្រីក៏ដោយ។

រហូតមកដល់ពេលនេះ ខ្មែរម្ចាស់ស្រុក មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីលោក ញឹក ប៊ុនឆៃ និង
លោក លឺ ឡាយស្រេង ដើម្បីសុំការពន្យល់បានទេ៕
read more...

មន្ត្រីសិទ្ធិមនុស្សមិនពេញចិត្តនឹងសកម្មភាពទាហានលើកគ្នាកាន់តែច្រើនទៅការពារដីឱ្យឈ្មួញ


ទន្ទឹមនឹង ការព្រួយបារម្ភ របស់ ប្រជាពលរដ្ឋ នៅ ឃុំ អមលាំង ដែល កំពុង ប្រឈម មុខ នឹងការ បាត់បង់ ដីធ្លី ដោយ សារការ រឹបអូស ឆៅៗ ពីសំណាក់ ក្រុមហ៊ុនស្ករស ភ្នំពេញ របស់ លោក លី យ៉ុងផាត់ នោះ មន្ត្រី ការពារ សិទ្ធិ មនុស្ស ក៏បានសម្តែង នូវ ការមិនពេញចិត្ត ចំពោះ ការបញ្ជូន ទាហាន កាន់ តែច្រើន ឡើងៗ មក ការពារ ដីឱ្យ ឈ្មួញ ដែរ។

មានសេចក្តីរាយការណ៍មួយបានឱ្យយើងដឹងថា ក្រុមហ៊ុនស្ករសភ្នំពេញរបស់ឧកញ៉ា លី យ៉ុងផាត់
សមាជិកព្រឹទ្ធសភា នៃគណបក្សប្រជាជនកម្ពុជាមិនដឹងជាត្រូវដងត្រូវផ្លែជាមួយទាហាន ឬយ៉ាង
ណានោះទេ ស្រាប់តែមកដល់តំណាក់កាលចុងក្រោយនេះគេឃើញទាហានលើកគ្នាកាន់តែច្រើន
ឡើងៗចូល មកដល់ដីកំពុងមានជម្លោះ ខណៈពេលដែលប្រជាពលរដ្ឋជាង៦០០០នាក់ក្នុងឃុំអម
លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងធ្វើ ការតវ៉ាដើម្បីបញ្ឈប់សកម្មភាពក្រុមហ៊ុនកុំឱ្យឈូសឆាយ
តទៅ ទៀត។

ប្រជាពលរដ្ឋម្នាក់បានថ្លែងថា ប្រជាពលរដ្ឋបាននាំគ្នាធ្វើការហាមឃាត់បុគ្គលិកក្រុមហ៊ុនឱ្យបញ្ឈប់
ការឈូសឆាយជាបណ្តោះអាសន្ន ដើម្បីរង់ចាំគណៈកម្ម ការខេត្តចុះវាស់វែងឱ្យអ្នកភូមិជាមុនសិន។
ព្រោះកន្លងមកគណៈកម្មការខេត្តមិនទាន់បានចុះមកធ្វើការវាស់វែងឱ្យប្រជាពលរដ្ឋនៅឡើយទេ។

ប្រជាពលរដ្ឋដដែលនេះបានបន្តទៀតថា ទោះបីជាប្រជាពលរដ្ឋព្យាយាមរារាំងបុគ្គលិកក្រុមហ៊ុន
ស្ករសភ្នំពេញរបស់ឧកញ៉ា លី យ៉ុងផាត់ មិនឱ្យធ្វើ ការឈូសឆាយយ៉ាងណាក៏ដោយក៏គេនៅតែ
ស្តាប់ភាសាខ្មែរមិនបានដែរ។ ផ្ទុយទៅវិញបុគ្គលិកក្រុមហ៊ុនគេអាងកម្លាំងយោធានិងនគរបាលចាំ
ជួយការពារយ៉ាងច្រូងច្រាង។

តំណាងប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ឆម ឆត បាននិយាយយ៉ាងដូច្នេះថា «កាលពីព្រឹកថ្ងៃសៅរ៍
មានទាហានជាង១៥០នាក់បានលើកមកបន្ថែមទៀត។ ហើយទាហានទាំងនោះមកពីកងវរសេនា
តូចលេខ៣១៣ អតីតកងពលតូចលេខ៣៧ ជាអតីតកងទ័ពខ្មែរក្រហម»។

លោក ឆម ឆត បានឱ្យដឹង ទាំងទោម្នេញទៀតថា​ «ខ្ញុំបារម្ភថា ខ្ញុំមិនអាចបញ្ចៀសអំពើហិង្សាបាន
ទេ បើសិនជាបុគ្គលិកក្រុមហ៊ុនមិនស្តាប់ពួកយើងជាអ្នកភូមិទេនោះ»។

មានការកត់សម្គាល់ថាក្នុងឃុំអមលាំង មានភូមិចំនួន១១ និងមានប្រជាពលរដ្ឋសរុបជាង២០០០
គ្រួសារកំពុងរងនូវផល ប៉ះពាល់ដោយសារក្រុមហ៊ុនស្ករសភ្នំពេញរបស់ឧកញ៉ា លី យ៉ុងផាត់ដែល
បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលក្នុងទំហំសរុបជាង៩០០០ហិកតា។

ទាក់ទិននឹងសកម្មភាពទាហានលើកគ្នាកាន់តែច្រើន ឡើងៗចូលទៅកាន់ទឹកដីកំពុងមានជម្លោះ
នេះ ត្រូវបានលោក អំ សំអាត មន្ត្រីស៊ើបអង្កេត ជាន់ខ្ពស់របស់អង្គការលីកាដូថ្លែងប្រាប់អ្នកកាសែត
កាលពីថ្ងៃសៅរ៍ថា​ យើងមានការព្រួយបារម្ភបំផុត បើសិនជាពួកគេ ប្រើប្រាស់ទាហានទាំងនោះ
ដើម្បីការពារប្រយោជន៍ក្រុមហ៊ុន។ ដូច្នេះអំពើហិង្សាអាចនឹងកើតមានឡើងជាមិនខាន ហើយប្រជា
ពលរដ្ឋអាចប្រឈមនឹង ការចាប់ដាក់គុកសាជាថ្មីទៀតមិនខានឡើយ។

លោក អំ សំអាត នៅតែ អះអាងថា «ប្រការដែលក្រុមហ៊ុនប្រញាប់ប្រញាល់អនុវត្តគម្រោងរបស់
ពួកគេបែបនេះ គួរតែអាជ្ញាធរបើកការស៊ើបអង្កេតរឿងរ៉ាវឱ្យបានច្បាស់លាស់។ ព្រោះពួកគេពុំទាន់
ទទួលបានឯកសារគ្រប់គ្រាន់តាមផ្លូវច្បាប់នៅឡើយទេ»។

ជាមួយគ្នានេះដែរ លោក ចាន់ សូវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្ស
អាដហុកបានមានប្រសាសន៍កាលពីថ្ងៃចន្ទម្សិលមិញថា ក្រុមហ៊ុនឯកជនរបស់ លី យ៉ុង ផាត់ បាន
ប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដើម្បីការពារផលប្រយោជន៍ឯកជន,ដែលកម្លាំង មានសមត្ថកិច្ចទាំង
នោះបើកប្រាក់ខែពីរដ្ឋ។

លោក ចាន់ សូវេត បានបន្តថា កម្លាំងសមត្ថកិច្ចទាំងនោះ បានធ្វើជាកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុន
ទៀត «ដែលខ្ញុំគិតថា មេបញ្ជាការ ឬរាជរដ្ឋាភិបាលបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចធ្វើអញ្ចឹង។ វាជា
រឿងមួយអាប់ឱនដល់កិត្តិយសកងកម្លាំងខ្លាំងណាស់»។

លោកបានអត្ថាធិប្បាយថា ក្រុមហ៊ុន លី យ៉ុងផាត់ នេះមាន បញ្ហាច្រើនហើយ ហើយក៏បានប្រើ
ប្រាស់កម្លាំងសមត្ថកិច្ចច្រើនដើម្បីការពារនូវអំពើគំរាមកំហែងប្រជាពលរដ្ឋនោះ។ វាសាហាវហួស
«យើងខ្ញុំជាសង្គមស៊ីវិលមិនពេញចិត្តចំពោះទង្វើនេះទេ ហើយយើងខ្ញុំក៏មិនគាំទ្រពលរដ្ឋណាដែល
ទៅកាប់រុករានដីព្រៃ របស់រដ្ឋដែរ តែអាជ្ញាធរគួរពិចារណាទៅលើជីវភាពប្រជាពលរដ្ឋឱ្យបានច្រើន
ជាងការការពារប្រយោជន៍ឱ្យក្រុមហ៊ុន»។

លោក ចាន់ សូវេត បានមានប្រសាសន៍ថា ក្រុមហ៊ុនកុំយកពាក្យអភិវឌ្ឍន៍ ហើយត្រូវការកម្មករ
ច្រើនដែលអះអាងថា នឹងយកប្រជាពលរដ្ឋទៅធ្វើការនោះ។​ តាមពិតទៅនេះជាកាតព្វកិច្ចរបស់
ក្រុមហ៊ុន, ព្រោះនៅពេលណាមានក្រុមហ៊ុន គឺត្រូវតែមានកម្មករធ្វើការជាធម្មតា។ ប៉ុន្តែបើប៉ះពាល់
ដីស្រែចំការពលរដ្ឋ គឺត្រូវតែទូទាត់សំណងសមរម្យ មិនមែនជាថ្នូរយក ពួកគាត់ទៅធ្វើជាកម្មករ
អញ្ចឹងទេ។

លោកថាសមត្ថកិច្ចបានទៅប្រាប់ប្រជាពលរដ្ឋម្ចាស់ដីឱ្យបោះបង់ដីនេះទៅ, កុំដាំដំណាំអ្វីទៀត
វានាំតែមានបញ្ហាដាក់ខ្លួនទេ។ ហើយតាមពិតទៅការវាស់វែងដីនៅឃុំអមលាំងនេះ មានការគម្រាម
កំហែងប្រជាពលរដ្ឋសម្បើមណាស់។ម៉្យាងទៀតបើអ្នកណាហ៊ានចេញមុខប្តឹងគេនឹងចាប់ដាក់គុក។

ទង្វើបែបនេះ យើង (ចាន់ សូវេត ) យល់ថា រដ្ឋាភិបាលកម្ពុជាជាពិសេសអ្នកដែលគាំទ្រ ឱ្យមាន
ការអភិវឌ្ឍន៍ប្រកបដោយទំនាស់យ៉ាងក្តៅគគុកនេះ គឺយើងមិនគាំទ្រទេ ហើយយើងស្នើសុំឱ្យរដ្ឋា
ភិបាលពិចារណាឡើងវិញថា គួរតែបណ្តែតបណ្តោយឱ្យកើតមានបន្តទៀត ឬយ៉ាងណា ?

លោក ចាន់ សូវេត បានលើកឡើងថា ដោយសាររង់ចាំការវាស់វែងដីពីសំណាក់អាជ្ញាធរ និងក្រុម
ហ៊ុនធ្វើឱ្យប្រជាពលរដ្ឋមិនបានចេញទៅរកស៊ីក៏ត្រូវបង្ខំចិត្តលក់គោ-ក្របីដើម្បីចិញ្ចឹមឆ្នាំង។ លោក
ថា ប្រជាពលរដ្ឋនៅឃុំអមលាំងលក់គោ-ក្របីស្ទើរអស់ពីភូមិតែម្តង ព្រោះទីមួយពួកគាត់គិតថា បើ
ទុកគោវាគ្មានស្មៅឱ្យស៊ី ដោយសារក្រុមហ៊ុនយកដីពួកគាត់អស់ហើយ។ ទីពីរ បើមិនលក់គោ-ក្របី
ទេ ពួកគាត់នឹងត្រូវដាច់បាយព្រោះមិនបានចេញទៅរកស៊ីអ្វីសោះ។

លោក ចាន់ សូវេត បញ្ជាក់ច្បាស់ថា ខាងលោកជាសង្គមស៊ីវិលមិនទំនាស់នឹងរឿងអភិវឌ្ឍន៍ទេ តែ
រដ្ឋាភិបាលត្រូវគិតថាមានតែប្រជាពលរដ្ឋទេដែលរដ្ឋាភិបាលត្រូវគិតគូរមិនមែនក្រុមហ៊ុនទេ។ពីព្រោះ
ប្រទេសមួយដែលមានប្រជាពលរដ្ឋគាំទ្ររដ្ឋាភិបាលទើបរដ្ឋាភិបាលនោះ ដំណើរការទៅបាន។ តែ
បើប្រជាពលរដ្ឋមិនគាំទ្ររដ្ឋាភិបាលវិញ តើរដ្ឋាភិបាលដំណើរការទៅរួចដែរ ឬទេ ?

ទំនាស់ដីធ្លីនៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺនេះ ដូចជាពុំទាន់មានដំណោះស្រាយណាមួយ
សមស្របគួរនឹងទទួលយកបានសោះ៕
read more...

Thursday, May 06, 2010

កម្ពុជាប្រតិកម្មនឹងសៀមដែលថាវត្តកែវសិក្ខាគីរីស្វារៈស្ថិតនៅលើទឹកដីរបស់ខ្លួន


មួយខែបន្ទាប់ ពីក្រសួងការ បរទេស សៀម បាន ចេញរបាយ ការណ៍បញ្ជាក់ ថា វត្ត កែវសិក្ខាគីរីស្វារៈ
ស្ថិត នៅលើដី សៀម កាលពីថ្ងៃទី ៤ មេសា កន្លងមក នៅថ្ងៃទី ៤ ឧសភា ឆ្នាំ២០១០ មន្ត្រីកុងស៊ុលខ្មែរ
ប្រតិកម្ម រឿង នេះ និងថា ការអះអាង របស់ក្រសួង ការបរទេសសៀម នោះ គឺ ជាការប្រឌិត រឿងខុស
ការពិត។

មន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំ នៅប្រទេសសៀម បានស្នើឱ្យ មន្ត្រីក្រសួង ការបរទេសសៀម
ទទួលយកឯកសារចំនួន៦ដែល សៀមចេះតែប្រឌិតឯកសារថា ដីនៅជុំវិញ ប្រាសាទព្រះវិហារ គឺជាដីរបស់សៀម ។

កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១០ ក្រសួងការបរទេសថៃ បានចេញ សេចក្តីប្រកាសព័ត៌មាន
មួយថា វត្តកែវសិក្ខា គីរី ស្វារៈ ដែលស្ថិតនៅជិតប្រាសាទ ព្រះវិហារនោះ គឺជាវត្តដែលនៅ ក្នុង
ទឹកដីសៀម ។

នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១០ មន្ត្រីកុងស៊ុលខ្មែរ ប្រ ចាំ នៅប្រទេសសៀម បានប្រ កាសថា
វត្តកែវសិក្ខាគីរីស្វារៈ ពិតជាវត្តរបស់ខ្មែរ ស្ថិតនៅលើ ទឹកដីខ្មែរ ដោយផ្អែកតាមផែនទីដងរែក
បារាំង-សៀម កាលពី ឆ្នាំ១៩០៨ ហើយត្រូវបានទទួល ស្គាល់ អោយប្រើប្រាស់ ដោយ
តុលាការទីក្រុងឡាអេ ក្នុងឧប សម្ព័ន្ធ១ ស្ថិតនៅក្នុងសេចក្តីសំ រេច របស់តុលាការអន្តរជាតិឆ្នាំ
១៩៦២ ។

សេចក្តីប្រកាសបានឱ្យដឹង ទៀតថា ចាប់តាំងពីឆ្នាំ១៩០៨ ថៃ ក៏បានទទួលស្គាល់តំបន់នៅ
ជុំវិញ ប្រាសាទព្រះវិហារ និង វត្តកែវសិក្ខារីស្វារៈ ស្ថិតនៅក្នុង ទឹកដីកម្ពុជាដែរ, ហើយក្រោយ
ពីសាលក្រមរបស់តុលាការអន្តរ ជាតិទីក្រុងឡាអេ ឆ្នាំ១៩៦២ ក៏ថៃទទួលស្គាល់ដែរ។ ប៉ុន្តែនៅ
ថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ នៅ ពេលដែល ប្រាសាទព្រះវិហារ ត្រូវបានអង្គការ យូណេស្កូចុះ
បញ្ចូលទៅក្នុងបញ្ជី បេតិកភ័ណ្ឌ ពិភពលោក,ថៃបែរជាប្រកាស ថា តំបន់នោះ រួមទាំងវត្តកែវ
សិក្ខាគីរីស្វារៈផង ស្ថិតនៅក្នុង ទឹកដីសៀម ។

មន្ត្រីកុងស៊ុលខ្មែរ ប្រចាំនៅ ប្រទេសថៃ បានបញ្ជាក់ថា វត្ត កែវបសិក្ខាគីរីស្វារៈ ស្ថិតនៅក្នុង
ទឹកដីកម្ពុជា, ហើយកម្ពុជាសូម បដិសេធទាំងស្រុង និងជាថ្មីម្តង ទៀត ចំពោះកំណត់ទូត របស់
ក្រសួងការបរទេសថៃ, ហើយ ស្ថានកុងស៊ុលកម្ពុជា ប្រចាំនៅ ប្រទេសសៀមបានអញ្ជើញមន្ត្រី
ក្រសួងការបរទេសថៃឱ្យទទួល យកឯកសារ សំខាន់ៗចំនួន៦ ដើម្បីពិនិត្យឱ្យបានច្បាស់លាស់
និងមានការទទួលស្គាល់ជាអន្តរ ជាតិ នៅមុនពេលដែលថៃ ប្រ ឌិតរឿងដដែលៗ ដូចជាគេអះ
អាងថាវត្តកែវសិក្ខាគីរីស្វារៈនិង តំបន់ ជុំវិញប្រាសាទព្រះវិហារ ថា ស្ថិតនៅក្នុងទឹកដីរបស់ខ្លួន
នោះ ។

នៅមុននេះមួយថ្ងៃ ក្រសួង ការបរទេសខ្មែរបានចេញសេចក្តី ប្រកាសព័ត៌មានមួយ បដិសេធ
ដែរថា ភាគីកម្ពុជាបានធ្វើខ្សែ រ៉តនៅតំបន់ ប្រាសាទតាក្របី នៅលើទឹកដីសៀម ។ តាមការពិត
ការធ្វើខ្សែរ៉តនោះគឺស្ថិតនៅ ក្នុងទឹកដីកម្ពុជា ។

សូមបញ្ជាក់ថា សៀមដែល មានមហិច្ឆតាឈ្លានពាននិងចង់ លេបត្របាក់ប្រាសាទព្រះវិហារ
និងប្រាសាទនានាព្រមទាំងតំបន់ មួយចំនួនទៀត នៅជាប់ព្រំដែន ជាមួយខ្លួននោះ ពួកគេតែង
តែ ប្រឌិតឯកសារ និងបានឆ្លងចូល ជាន់ដីខ្មែរយ៉ាងគឃ្លើន ។

អំពើរំលោភឈ្លានពាន ចង់ បានដីខ្មែរដោយមិនខ្មាសអៀន នេះ បានធ្វើឱ្យមានការ ផ្ទុះអាវុធ
នៅតាមព្រំដែន ជាច្រើនដង រវាងកងទ័ព ការពារព្រំដែននៃ ប្រទេសទាំង បណ្តាលឱ្យ មាន
របួសនិងស្លាប់ទាំងសង្ខាង៕
read more...

សុនឆ័យស្នើសុខអានឆ្លើយបំភ្លឺពីការបង់កម្រៃ២៨លានដុល្លាររបស់ក្រុមហ៊ុនតូតាល់


បញ្ហា ពាក់ព័ន្ធ នឹងការងារ រ៉ែប្រេងកាត និងឧស្ម័ន ព្រម ទាំង ការបង់ កម្រៃ ២៨លាន ដុល្លារ
របស់ ក្រុមហ៊ុន តូតាល់ ត្រូវបាន លោក សុន ឆ័យ អ្នកតំណាង រាស្ត្រ គណបក្ស សម រង្ស៊ី មណ្ឌល
ភ្នំពេញ លើកជា សំណើ ដើម្បីឱ្យ មាន ការឆ្លើយ បំភ្លឺពី លោក សុខ អាន ឧបនាយករដ្ឋ មន្ត្រី ទទួល
បន្ទុក ទីស្តីការ គណៈរដ្ឋមន្ត្រី នាពេល ដ៏ខ្លីខាង មុខ នេះ។

យោងតាមលិខិតរបស់លោក សុន ឆ័យ មួយច្បាប់លេខស.ឆ ៤-០០៦/០០ ចុះថ្ងៃទី០៥ ខែ
ឧសភា ឆ្នាំ២០១០ ដែលស្នើ តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភាដើម្បីឱ្យលោក
សុខ អាន ចូលខ្លួនទៅឆ្លើយបំភ្លឺ នៅចំពោះអង្គប្រជុំសភានោះ ត្រូវបានគូសបញ្ជាក់ថា«យោង
តាមព័ត៌មានដែលបានផ្សាយ ពាក់ព័ន្ធនឹងការបង់ប្រាក់២៨ លានដុល្លារដល់រាជរដ្ឋាភិបាល
ខ្មែរ»។

លិខិតលោក សុន ឆ័យ ដដែលនេះបានរៀបរាប់យ៉ាង លម្អិតថា ដោយសារមានព័ត៌មានថ្មីៗ
ពាក់ព័ន្ធនឹងការបង់កម្រៃ ២៨លានដុល្លាររបស់ក្រុមហ៊ុនតូតាល់ នៃប្រទេសបារាំង ដើម្បីទទួល
បានសិទ្ធិរុករកប្រេងកាត ក្នុងសមុទ្រខ្មែរ បន្ទាប់ពីមាន ការផ្សព្វផ្សាយរឿងអាស្រូវដែលថា
ក្រុមហ៊ុនពះភរបស់ប្រទេស អូស្ត្រាលីមួយបានបង់ប្រាក់កម្រៃ ទឹកតែដល់មន្ត្រីរដ្ឋាភិបាលខ្មែរ
ដើម្បីទទួលសិទ្ធិរុករករ៉ែអាលុយ មីញ៉ូមនៅក្នុងខេត្តមណ្ឌលគិរី។

លិខិតបានបន្តទៀតថា​ ដោយច្បាប់ស្តីពីការគ្រប់គ្រង និងធ្វើ អាជីវកម្មធនធានរ៉ែមាត្រា១
បានចែងថា«ប្រតិបត្តិការប្រេង កាត និងឧស្ម័នស្ថិតនៅក្រោម ច្បាប់មួយដោយឡែក»។
ហើយមកទល់នឹងពេលនេះ ព្រះរាជាណាចក្រកម្ពុជាពុំទាន់មានច្បាប់ ស្តីពីការគ្រប់គ្រង
និងការធ្វើអាជីវកម្មប្រេងកាតនេះនៅឡើយ។

លោកសុន ឆ័យ បានសង្កត់ ធ្ងន់នៅក្នុងលិខិតនោះថា ដោយ មានព័ត៌មានមិនផ្លូវការជាច្រើន
បានបង្ហាញពីការចេញអាជ្ញាប័ណ្ណ រុករកប្រេងកាតនិងឧស្ម័នដោយ អាជ្ញាធរប្រេងកាត ដែលនៅ
ក្រោមការគ្រប់គ្រងរបស់ទីស្តី ការគណៈរដ្ឋមន្ត្រី និងការចេញ អាជ្ញាប័ណ្ណផ្សេងៗដោយក្រសួង
មួយចំនួនទៀត មានក្រសួង ឧស្សាហកម្មរ៉ែ និងថាមពល ជាដើមបានធ្វើឱ្យមានប្រាក់បង់
កម្រៃផ្សេងៗរាប់រយលានដុល្លារ ត្រូវបានបំបាត់ ឬពុំបានចូលជា ចំណូលរដ្ឋឱ្យបានត្រឹមត្រូវទេ៕
read more...