Featured Posts

Wednesday, May 05, 2010

ប្រើតុលាការនិងប្រើគ្រាប់កាំភ្លើងវាដូចតែគ្នាលើអ្នកកាសែត បើកម្ពុជាមិនជានីតិរដ្ឋ


ឆ្លងកាត់ទិវាសារព័ត៌មានពិភពលោក៣ឧសភាកន្លងទៅមានការលើកឡើងដោយមន្ត្រីតំណាង
រដ្ឋាភិបាលអះអាង អំពីភាពប្រសើរឡើង នៃស្ថានភាពសិទ្ធិសេរីភាពរបស់អ្នក សារព័ត៌មាន ក្នុងគ្រា
ដែលអង្គភាពសារព័ត៌មានជាឯកជនក្តី បុគ្គលក្តីនិងសមាគមក្លឹបអ្នកសារព័ត៌មានទាំងឡាយក្តីនិយាយ អំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាធ្លាក់ចុះសម្រាប់ ឆ្នាំ២០០៩កន្លងទៅមកដល់បច្ចុប្បន្ន។

សារព័ត៌មានគឺជា កម្លាំងដ៏សំខាន់ក្នុងការជម្រុញការស្ថាបនាសង្គមឱ្យដើរតាម ផ្លូវគោលការណ៍
ប្រជាធិបតេយ្យសេរីពិតប្រាកដ នីតិរដ្ឋ ដែល គ្រប់គ្នាស្ថិតនៅក្រោមអំណាចច្បាប់ ហើយអ្នកមាន
អំណាច តួនាទីធំៗ និងអ្នកមានលុយមិនអាចប្រើប្រាស់ឥទ្ធិពលរបស់ ខ្លួនណាមួយដើម្បីប្រើប្រព័ន្ធ
តុលាការគាបសង្កត់ធ្វើបាបអ្នក ទន់ខ្សោយ ឬធ្វើបាបអ្នកសារព័ត៌មាននោះឡើយ។ អ្នកកាសែតនៅ
កម្ពុជាជាង១០នាក់បានរងការបាញ់ប្រហារសម្រាប់រយៈពេលគិតចាប់តាំងពីសម័យបោះឆ្នោត
រៀបចំឡើងដោយអ៊ុនតាក់ឆ្នាំ១៩៩៣មកដល់ពេលនេះ។

ប៉ុន្តែពុំមានជនជាប់សង្ស័យជាឃាតកដៃដល់ និងអ្នកមាន ឥទ្ធិពលអំណាចដែលនៅពីក្រោយ
ខ្នងពួកគេណាម្នាក់ត្រូវអាជ្ញា ធររដ្ឋាភិបាល ឬតុលាការនាំខ្លួនមកផ្តន្ទាទោសដើម្បីបញ្ចប់វប្បធម៌
នីទណ្ឌភាពសព្វថ្ងៃនេះឡើយ។ គឺរឿងនេះហើយជាមួយនឹងការមានច្បាប់សារព័ត៌មាន ហើយ
បែរជាអាជ្ញាធរសមត្ថកិច្ច ទាំងតុលាការមិនប្រើប្រាស់បែរជាទៅរើសយកច្បាប់ព្រហ្មទណ្ឌអន្តរ
កាលសម័យអ៊ុនតាក់ និងច្បាប់ព្រហ្មទណ្ឌថ្មីមកដាក់ពិន័យធ្វើបាបអ្នកកាសែតចាប់អ្នកកាសែត
ដាក់ពន្ធនាគារ ព្រោះតែរឿងបញ្ចោញមតិ ក៏ត្រូវ មជ្ឈដ្ឋានអំណាចរដ្ឋាភិបាលពិពណ៌នាថា ការប្រើប្រាស់តុលាការប្រសើរជាងការប្រើប្រាស់គ្រាប់កាំភ្លើងបាញ់អ្នកកាសែត។

ដោយប្រាកដទៅ វាល្អ និងត្រឹមត្រូវក្នុងករណីដែល តុលាការជាតុលាការឯករាជ្យឈរលើគតិច្បាប់
និងមិនញាំ ញីរាលដាលដោយអំពើពុករលួយ ហើយបើតុលាការមិន នៅក្រោមអំណាចឥទ្ធិពល
របស់អ្នកកាន់តំណែងតួនាទីធំៗក្នុងជួររដ្ឋាភិបាល ស្ថាប័នជាតិជាន់ខ្ពស់ ឬក៏មិននៅក្រោមឥទ្ធិពល
របស់អ្នកអាងអំណាចទឹកលុយនោះ។ តែនៅកម្ពុជាអ្វីៗផ្ទុយពីការអះអាងនេះ ដូចបណ្ឌិតច្បាប់ សេង
ធារី ពិពណ៌នាថា «យុត្តិធម៌នៅកម្ពុជា ជាទំនិញដែលគេដាក់លក់តថ្លៃគ្នាបានដោយលុយ»។
ចុះបើតុលាការប្រឡាក់ប្រឡូសដោយកេរ្តិ៍ឈ្មោះអាសោចិ៍បែបនេះទៅហើយ ហើយជាញយដងអ្នក
កាសែតត្រូវតុលាការកាត់ទោសដាក់ពន្ធនាគារនូវរឿងដែល មិនសមនឹងទទួលកម្រិតទោសនោះ
តើស្ថានភាពបែបនេះឱ្យ ចាត់ទុកថា វាប្រសើរជាងការប្រើប្រាស់គ្រាប់កាំភ្លើងនោះឬ?

ទុករឿងនេះដោយឡែកដែលចង់ឬមិនចង់ការដែលថាកុំឱ្យ គេប្រើប្រាស់គ្រាប់កាំភ្លើង ហើយឱ្យ
គេប្រើប្រាស់តុលាការវិញ វាទៅជាបែបផែនមួយនៃសេចក្តីសារភាពថា ពិតជាមានការ ប្រើប្រាស់
កាំភ្លើងបាញ់ប្រហារទៅលើអ្នកកាសែតមែន ហើយ ដែលព្រឹត្តិការណ៍ឧក្រិដ្ឋកម្ម ឃាតកម្មដ៏ឃោរ
ឃៅព្រៃផ្សៃ ទាំងនោះកើតឡើងនៅកម្ពុជាក្រោមការត្រួតត្រារបស់រដ្ឋាភិ បាលគណបក្សប្រជាជន
ដែលមានលោកហ៊ុន សែន ជានាយក រដ្ឋមន្ត្រីមកដល់សព្វថ្ងៃ។

តើនរណាទទួលខុសត្រូវចំពោះឃាតកម្មលើអ្នកកាសែត ខ្មែរជាង១០នាក់ ក្រោមគ្រាប់កាំភ្លើង
របស់ឃាតកដែលមកដល់ពេលនេះអាជ្ញាធរសមត្ថកិច្ចរដ្ឋាភិបាលនៅមិនអាចរក ចាប់ខ្លួនឃាតក
ណាម្នាក់មកផ្តន្ទាទោសផងនោះ បើជាទូទៅកាសែតទាំងឡាយចុះផ្សាយអំពើខិលខូច កំហុសឆ្គង
ទាំងបទល្មើសរបស់មន្ត្រីមានឥទ្ធិពលអំណាច ទាំងទិទៀនគណ បក្សត្រួតត្រាប្រទេសរបស់
នាយករដ្ឋមន្ត្រីផងនោះ ? ផ្លូវតែមួយគត់ដើម្បីឱ្យគណបក្សប្រជាជន និងរដ្ឋាភិបាល ទាំងនាយករដ្ឋ
មន្ត្រីលាងជម្រះកេរ្តិ៍ឈ្មោះរបស់ខ្លួនពីការសម្លឹង ដោយក្រសែភ្នែកទិទៀន និងថ្កោលទោសរបស់
មហាជន និង របស់សហគមន៍អន្តរជាតិក្នុងឃាតកម្មលើអ្នកកាសែតនោះ គឺសមត្ថកិច្ចរដ្ឋាភិបាល
ត្រូវតែរកចាប់ខ្លួនឃាតកដៃដល់ពិតប្រាកដមកផ្តន្ទាទោសឱ្យខាងតែបាន ពីព្រោះការសម្លាប់អ្នក
កាសែតច្បាស់ណាស់ថា វាជះឥទ្ធិពលដ៏អាក្រក់ទាំងជាការ បង្ហាញនូវអត្តចរិតនៃស្ថានភាពសង្គម
ដែលមិនចង់ឱ្យប្រទេសជាតិក្លាយទៅជានីតិរដ្ឋប្រជាធិបតេយ្យពិតប្រាកដ ដែលប្រជារាស្ត្រខ្មែរ
ត្រូវតែជាម្ចាស់នៃអំណាច និងមានសិទ្ធិសេរីភាព សព្វបែបយ៉ាងហើយសារព័ត៌មានត្រូវមាន
សេរីភាពពេញបរិបូរណ៍នោះ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ប្រើតុលាការនិងប្រើគ្រាប់កាំភ្លើងវាដូចតែគ្នាលើអ្នកកាសែត បើកម្ពុជាមិនជានីតិរដ្ឋ"