Featured Posts

Wednesday, April 21, 2010

ហេងពៅសរសេរសៀវភៅសរសើរហ៊ុនសែន


ហេង ពៅ អតីតស្នងការនគរបាល ក្រុងភ្នំពេញ បានចេញផ្សាយ សៀវភៅ
មួយក្បាល មានចំណង ជើង​ថា «យុទ្ធសាស្រ្តរំលត់ ភ្លើងសង្រ្គាម នៅកម្ពុជា»
ដែល សៀវភៅនោះ បានសរសើរ នាយករដ្ឋមន្រ្តី ហ៊ុន​ សែន យ៉ាងខ្លាំង។

នៅជិតទំព័រចុងក្រោយនៃសៀវភៅដែលមានកម្រាស់២២៧ទំព័រដែលបានបោះពុម្ពផ្សាយកាលពីខែ
មករា​ អតីតមន្រ្តីនគរបាលជាន់ខ្ពស់ដែលកំពុងជាប់ពន្ធនាគាររូបនេះបានសរសើរនាយករដ្ឋមន្រ្តី
ហ៊ុន​ សែន​ ថា ជាកំពូលអ្នកការទូតក្នុងចំណោមមេដឹកនាំកម្ពុជាមុនៗ ដែលក្នុងនោះលោកបានហៅ
នាយករដ្ឋមន្ត្រី ហ៊ុន សែនថា «សម្តេចតេជោ»។

នៅក្នុងកថាខណ្ឌមួយ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅនោះ គឺថា «ភាពពិសេសនៃយុទ្ធ
សាស្រ្តការទូតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនយកទស្សនវិជ្ជាណាមួយ
ជាសត្រូវ ដែលថាមិនអាចចរចាបានជាមួយកម្ពុជានោះទេ»។ លោកបន្តថា «សម្តេច មិនដែលយក
និន្នាការអ្នកនយោបាយកម្ពុជាទាំងឡាយជាសត្រូវស្លាប់រស់នោះទេ ឬថា មិនមែនមិនអាចចរចា ឬ
សម្រុះសម្រួលគ្នាបាននោះទេ ដែលនោះមានន័យថា ពួកគេគ្រាន់តែជាគូបដិបក្ខនយោបាយ ដែល
អាចចរចានិងសម្រុះសម្រួលបាន...»។

លោក កៅ ស៊ូផា មេធាវីការពារក្តី ហេង ពៅ ដែលបានជួយពិនិត្យសៀវភៅនោះមុនពេលបោះពុម្ព
បានថ្លែងថា លោក ហេង ពៅ មិនបានសរសើរនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ប៉ុន្តែលោកគ្រាន់
តែរៀបរាប់អំពីការពិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគ្រាន់តែដើម្បីបង្ហាញពីក្តីស្រឡាញ់
ប្រទេសជាតិរបស់លោក ទោះបីជាលោកជាប់ពន្ធនាគារក៏ដោយ។ លោកកៅ ស៊ូផា បានថ្លែងបញ្ជាក់
ថា «ចំពោះរឿងក្តីរបស់លោក ហេង ពៅ តុលាការនឹងមិនរកយុត្តិធម៌សម្រាប់លោកបាននោះទេ គឺ
មានតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះដែលអាចជួយសង្រ្គោះលោកបាន»។

លោក ហេង ពៅ អតីតស្នងការនគរបាលដែលគេខ្លាចញញើតក្នុងអំឡុងពេលកាន់អំណាចរបស់
លោក​ ត្រូវបានចាប់ខ្លួនពីប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគារ
ទៅតាមអំណាចសាលក្រម​ របស់តុលាការនូវចំនួនទោស៩០ឆ្នាំ ពីបទឃាតកម្ម ចាប់ជំរិត និងគាប
យកលុយ។​ ចាប់តាំងពីការចាប់ខ្លួនលោកមក តុលាការបានបង្កកប្រាក់របស់លោកក្នុងគណនីចំនួន
៥ក្នុងធនាគារកាណាឌីយ៉ា៕

(ដកស្រង់ពី កាសែតភ្នំពេញប៉ុស្តិ៍)

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ហេងពៅសរសេរសៀវភៅសរសើរហ៊ុនសែន"