អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំង២៦រូបបានចេញសេចក្តីថ្លែងការណ៍ បន្ទាន់មួយ ពាក់ព័ន្ធទៅនឹងរដ្ឋសភាប្រជុំដកអភ័យឯកសិទ្ធិលោកសម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីដោយសារតែលោកឈឺឆ្អាលនឹងប្រជាពលរដ្ឋនៅជាប់ ព្រំដែនយួនបាត់បង់ដីស្រែ បណ្តាលមកពីការបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយនឹងប្រទេសយួន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីដែលមានអ្នកតំណាងរាស្ត្រ សរុប២៤រូប និងលើកផែនទីប្រទេសកម្ពុជានៅពីមុខអគាររដ្ឋសភាអានសេចក្តី ថ្លែងការណ៍ទាំងស្រុងដូចតទៅ ៖
ថ្ងៃនេះ(១៦ វិច្ឆិកា ២០០៩) រដ្ឋសភាជាតិដែលគ្រប់គ្រងដោយគណបក្សប្រជា ជនកម្ពុជាបានប្រជុំដកអភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្រ សម រង្ស៊ី ។ តំណាងរាស្ត្រគណបក្សសម រង្ស៊ីទាំង២៦រូបប្រឆាំងដាច់ខាត ចំពោះការដក អភ័យឯកសិទ្ធិនេះ។ យើងខ្ញុំយល់ឃើញថា វិធានការនេះ បានរំលោភរដ្ឋធម្ម នុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានបង្ហាញឲ្យឃើញច្បាស់ថា អាជ្ញាធរ កម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវនូវបទបញ្ជារបស់រដ្ឋាភិបាលវៀតណាម។
កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០០៩ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់ឌុង បាន ស្នើអោយរដ្ឋាភិបាលកម្ពុជាចាត់វិធានការចំពោះសកម្មភាពអ្នកតំណាងរាស្ត្រ សម រង្ស៊ី ទាក់ទងនឹងបញ្ហាបង្គោលតម្រុយព្រំដែនដែលបានបោះលើដីកសិករ ខ្មែរ ហើយបាននិយាយទៀតថា មិនត្រូវអនុញ្ញាតឲ្យករណីស្រដៀងគ្នានេះកើត ឡើងជាថ្មីម្តងទៀតឡើយ ។
មុនពេលចូលកាន់តំណែង, អ្នកតំណាងរាស្ត្រទាំងអស់នៃព្រះរាជាណាចក្រ កម្ពុជាបានធ្វើសច្ចាប្រណិធាននៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រ នៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតឆ័ត្រថា យើងប្តេជ្ញាប្តូរផ្តាច់ហ៊ាន បូជាជីវិតដើម្បីការពារបូរណភាពទឹកដីដ៏ត្រឹមត្រូវតាមច្បាប់ នៅក្នុងព្រំដែនដី គោក និងព្រំដែនសមុទ្រ ដែលកម្ពុជាធ្លាប់មានក្នុងជំនាន់ឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។ លោកប្រធានសម រង្ស៊ី ក្នុងឋានៈជាអ្នកតំណាងរាស្ត្រមួយរូប គ្រាន់តែ សម្តែងនូវការគាំទ្រ និងសាមគ្គីភាពរបស់លោកជាមួយកសិករខ្មែរដែលជាជន រងគ្រោះដោយសារការទន្ទ្រានដីធ្លី របស់ពួកគាត់ នៅតាមបណ្តោយព្រំដែន វៀតណាមក្នុងខេត្តស្វាយរៀង។
ការដកអភ័យឯកសិទ្ធិនៅថ្ងៃនេះបានបង្ហាញឲ្យឃើញថា រដ្ឋាភិបាលលោកហ៊ុន សែនបច្ចុប្បន្ននេះ មិនរវល់អើពើអ្វីទាំងអស់ចំពោះទុក្ខកង្វល់របស់ព្រះវររាជបិតា នរោត្តម សីហនុ ចំពោះប្រជាកសិករកម្ពុជាដែលកំពុងបាត់បង់ដីស្រែរបស់ខ្លួន ដោយសារការរុករានទន្ទ្រានកាន់កាប់ របស់អាជ្ញាធរវៀតណាម។
លោកនាយករដ្ឋមន្ត្រីវៀតណាមបានបំប៉ោងឱ្យហួសមាឌចំពោះកាយវិការជា និមិត្តរូបរបស់អ្នកតំណាងរាស្ត្រសមរង្ស៊ីដែលបានជួយជាស្មារតីដល់កសិករខ្មែរ ដែលជាអ្នករងគ្រោះយ៉ាងអយុត្តិធម៌ចំពោះការបាត់បង់ដីធ្លីរបស់ពួកគេ ដោយ សារការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាម។ ការដកអភ័យឯកសិទ្ធិនេះបានបង្ហាញឲ្យឃើញថា អ្នកតំណាងរាស្ត្រសមរង្ស៊ី បានធ្វើឲ្យប្រទេសវៀតណាមមានភាពអាម៉ាស់ដោយបានលើកឡើងនូវបញ្ហា ដែលជំពាក់ទាក់ទិនជាយុទ្ធសាស្ត្រនិងដែលធ្វើឲ្យខូចផលប្រយោជន៍ប្រទេស វៀតណាមជាងអ្វីដែលគេបានរំពឹងទុកពីដំបូង។
ការតែងតាំងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាជនជាតិថៃកំពុងរត់គេចពី ការចាប់ខ្លួនដោយរដ្ឋាភិបាលថៃ ឲ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា កាលពី ពេលថ្មីៗនេះកំពុងបង្កើន ភាពតានតឹងរវាងរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាល ថៃ។ ការតែងតាំងនេះគ្រាន់តែជាការបង្វែរការចាប់អារម្មណ៍របស់សាធារណៈ ជនចេញពីបញ្ហាបូរណភាពទឹកដី នៅភាគខាងកើតប្រទេសកម្ពុជា ដែលមើល ទៅរងគ្រោះធ្ងន់ធ្ងរជាងនៅផ្នែកខាងលិចជាមួយប្រទេសថៃ ពីព្រោះគោល ការណ៍ពង្រីកទឹកដីរបស់ប្រទេសវៀតណាមមានភាពប៉ិនប្រសព្វជាង ហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានអប្បកិរិរិយារណបរដ្ឋាភិបាលក្រុងហា ណូយ។
អ្នកកតំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំងអស់សុំឲ្យគណៈកម្មាធិការចម្រុះ ដោះស្រាយវិវាទព្រំដែនកម្ពុជាពិនិត្យឲ្យបានដិតដល់នូវការអនុវត្តន៍បណ្តាសន្ធិ សញ្ញាព្រំដែនជាមួយប្រទេសវៀតណាម ដោយផ្អែកលើកិច្ចព្រមព្រៀងសន្តិភាព ប្រទេសកម្ពុជាទីក្រុងប៉ារីស ឆ្នាំ១៩៩១។
យើងស្នើសុំឲ្យរដ្ឋាភិបាលលោកហ៊ុន សែន គោរពនូវព្រះរាជសំណើរបស់ ព្រះវររាជបិតាដែលបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ របស់អ្នក តំណាងរាស្ត្រសមរង្ស៊ីទូលថ្វាយព្រះអង្គចុះថៃ្ងទី៩ វិច្ឆិកា ឆ្នាំ២០០៩ ។
ចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា យើងស្នើ សុំឲ្យរដ្ឋសភាជាតិ បង្កើតគណៈកម្មការសភាពហុបក្សជាពិសេសមួយ ដើម្បីចុះពិនិត្យស្រាវជ្រាវ ស្ថានភាពព្រំដែនទាំងអស់ ទាំងព្រំដែនជាមួយប្រទេសថៃ ទាំងព្រំដែនជាមួយ ប្រទេសវៀតណាម ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងជាមួយប្រទេស ជិតខាង ហើយធានានូវការគោរពគ្នាទៅវិញទៅមក មិត្តភាពពិតប្រាកដ សន្តិ ភាព សហប្រតិបត្តិការ និងវិលបុលសុខរួម៕
0 comments: on "សេចក្តីថ្លែងការណ៏របស់តំណាងរាស្រ្តគណបក្សសមរង្ស៊ី ក្នុងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី"
Post a Comment