Featured Posts

Wednesday, November 18, 2009

ស្ត្រីខ្មែររងគ្រោះដោយមីនបំពានបំរាមរដ្ឋាភិបាលដណ្តើម ជ័យលាភីជាបវរកញ្ញាឯកនៅក្រៅប្រទេស


អាជ្ញាធរខ្មែរបានហាមឃាត់មិនឲ្យមានការប្រកួតបវរកញ្ញាទេ ដែលក្នុងនោះរួម ទាំងស្ត្រីដែលរងគ្រោះដោយគ្រាប់មីនផងដែរ។ ប៉ុន្តែមានស្ត្រីខ្មែររងគ្រោះដោយ គ្រាប់មីនខ្លះបានបំពានការហាមឃាត់ ហើយធ្វើដំណើរទៅបរទេសចូលរួម ប្រកួតសម្រស់ដណ្តើមបានជ័យលាភីជាជើងឯកលេខ១ និងលេខ២ ចំនួន២នាក់ ។

ការប្រកួតដ៏ចម្រូងចម្រាស់ ដែលមានការចូលរួមពីសំណាក់ជនរងគ្រោះដោយ សារគ្រាប់មីននៅកម្ពុជានោះ ត្រូវបានគេរកឃើញហើយនៅក្នុងវគ្គផ្តាច់ព្រាត់ កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០០៩ ឯទីក្រុងគ្រីស្ទានសេន ប្រទេសន័រវេស្ស ដោយ មានការស្វាគមន៍ពីសមាគមកម្ពុជា ក្រុមប្រឹក្សាពុទ្ធសាសនិកខ្មែរ ជាពិសេស សកម្មជនព្រំដែនកម្ពុជាដែលកំពុងរស់នៅប្រទេសនោះផងដែរ។

កញ្ញាដូស សុភាព អាយុ១៨ឆ្នាំមកពីខេត្តបាត់ដំបង ត្រូវបានបំពាក់មកុដជា បវរកញ្ញាមីននៅកម្ពុជាឆ្នាំ២០០៩, រីឯបវរកញ្ញាលេខ២មាន២នាក់គឺកញ្ញាធូ ឈន អាយុ៣០ឆ្នាំមកពីខេត្តតាកែវ និងលេខ២ម្នាក់ទៀតបានទៅលើកញ្ញាសូ យឿ អាយុ៣៥ឆ្នាំមកពីខេត្តកំពង់ចាម។

ជ័យលាភីលេខមួយទទួលបានពានរង្វាន់ជើងសប្បនិមិត្តមួយ ដែលមានតម្លៃ ប្រហែល២ម៉ឺនដុល្លារអាមេរិក និងប្រាក់រង្វាន់ចំនួន៥០០ដុល្លារអាមេរិក ។

កាលពីថ្ងៃទី១៦ ខែវិច្ឆកាឆ្នាំ ២០០៩ កញ្ញាដូស សុភាព បានប្រាប់កាសែត បរទេសនៅក្រុងភ្នំពេញថា នាងមានក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែល រូបនាងបានទទួលពានរង្វាន់បវរកញ្ញាមីន ដែលជាដៃឬជើងសិប្បនិមិត្តធ្វើឡើង សម្រាប់បវរកញ្ញាផ្ទាល់។ នាងបានបញ្ជាក់ថា «ខ្ញុំមិនធ្លាប់បានគិតថាខ្ញុំអាចឈ្នះ ពានរង្វាន់នេះទេ ។ ខ្ញុំរំភើបណាស់នៅពេលខ្ញុំបានទទួលព័ត៌មាននេះ។ ខ្ញុំរីក រាយដែលបានចូលរួមក្នុងការប្រកួត ពីព្រោះខ្ញុំចង់ឲ្យប្រជាជនដឹងថា ស្ត្រីពិការ មិនត្រូវបានបំបាក់ទឹកចិត្តឡើយ»។

ស្ត្រីជាម្តាយ របស់បវរកញ្ញាមីន ដូស សុភាព អាយុ៣៨ឆ្នាំគឺអ្នកស្រីគង់ ណាវី បានប្រាប់កាសែតដដែលថា កញ្ញា សុភាព ជាកូនទី២ ក្នុងចំណោមកូនទាំង អស់៥នាក់ ហើយបានដាច់ជើងម្ខាងនៅឆ្នាំ១៩៩៦នៅពេលនាងមានអាយុ៦ឆ្នាំ។

អ្នកស្រីគង់ ណាវី បានបន្តថា កាលណោះ សុភាព បានធ្វើដំណើរទៅលេង ឪពុកដែលជាទាហាន ហើយបាននាំនាងទៅជាមួយមិត្តភក្តិដទៃទៀត របស់ ឪពុកទៅនេសាទត្រី ។ នៅពេលបុរសម្នាក់ជាន់មីន, ហើយមីននោះក៏ផ្ទុះឡើង បង្ករបួសដល់មនុស្ស៦នាក់ ដែលមានរួមមានកញ្ញាដូស សុភាព និងឪពុករបស់ នាងផងដែរ ដែលបានដាច់ដៃឆ្វេង។ អ្នកស្រីបានបញ្ជាក់ ថា «ខ្ញុំតក់ស្លុតយ៉ាង ខ្លាំង នៅពេលពួកគេរងរបួស ពីព្រោះខ្ញុំកំពុងនៅផ្ទះជាមួយនឹងកូនដែលទើប តែប្រសូត្រ»។

កញ្ញាដូស សុភាព ទទួលការរើសអើងដោយសារមានជើងតែម្ខាង។ នាងយំ ហើយៗយំទៀត ប៉ុន្តែអ្នកស្រីលួងលោមនាងដោយនិយាយថា កំខឹងអ្នកភូមិ ហើយត្រូវប្រាប់ខ្លួនឯងថា «ពួកគេនឹងឈប់រើសអើងនាងនៅថ្ងៃណាមួយ»។

កញ្ញាដូស សុភាព បានឲ្យដឹងថា នាងបានជួបនឹងក្រុមតំណាងរៀបចំការ ប្រកួតបវរកញ្ញាមីនកាលពីថ្ងៃទី១៥ វិច្ឆិកា ២០០៩ដែលបានជូនដំណឹងនាងអំពី ជ័យជំនះ និងវាស់វែងអវៈយវៈរបស់នាងដើម្បីផលិតជើងសិប្បនិមិត្ត ។ ក្រុមអ្នក តំណាងនោះបានប្រាប់នាងថា ពួកគេនឹងវិលត្រឡប់មកវិញនាខែធ្នូ ខាងមុខ ប៉ុន្តែនាងមិនដឹងថា តើពេលនោះជាពេលសម្រាប់សាកជើងសិប្បនិមិត្តដែរឬ ទេ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ស្ត្រីខ្មែររងគ្រោះដោយមីនបំពានបំរាមរដ្ឋាភិបាលដណ្តើម ជ័យលាភីជាបវរកញ្ញាឯកនៅក្រៅប្រទេស"