Featured Posts

Thursday, August 06, 2009

លោកស្រីមូរសុខហួរមិនបង់ប្រាក់ឱ្យលោកហ៊ុនសែនហើយនិងក៏មិនសុំទោស ដែរ

លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តមណ្ឌលកំពត

តុលាការក្រុងភ្នំពេញបានប្រកាសសាលក្រមកាលពីថ្ងៃទី៤ សីហា ឆ្នាំ២០០៩ ដោយតម្រូវអោយលោកស្រី មូរ សុខហួរ បង់ប្រាក់ពិន័យជូនលោកហ៊ុន សែន ចំនួន៨លានរៀល និងបង់ជូនរដ្ឋាភិបាលចំនួន៨,៥លានរៀល សរុបស្មើ នឹង ១៦,៥លានរៀល ។ ប៉ុន្តែលោកស្រីមូរ សុខហួរ បានអះអាងថា លោកស្រីមិនបង់ប្រាក់តាមការប្រកាសសាលក្រមនៃ តុលាការក្រុងភ្នំពេញទេ, ហើយ ក៏មិនសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរ ។

លោកសមរង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ដែលថ្មីៗនេះអះ អាងថា គណបក្សសម រង្ស៊ីបានត្រៀមប្រាក់សម្រាប់បង់ អោយលោកហ៊ុន សែន ដើម្បីបញ្ចប់ក្តីនេះ ក៏បានផ្លាស់ប្តូរជំហរដែរ គឺលោកឯកភាពទៅតាមការសំរេចចិត្តរបស់ លោកស្រីមូរ សុខហួរ ពីព្រោះគណបក្សសមរង្ស៊ីជាគណបក្សប្រជាធិបតេយ្យគឺគ្មានការគាបសង្កត់ទេ ។

ថ្លែងប្រាប់អ្នកកាសែតនៅក្រោយពីការស្តាប់ការប្រកាសសាលក្រម ដែលមានវត្តមានអ្នកការទូត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើននោះ លោកស្រីមូរ សុខហួរ បានមានប្រសាសន៍ថា បើទោះបីជាប្រព័ន្ធយុត្តិធម៌ខ្មែរមិនដែលមាន យុត្តិធម៌ក៏ដោយក៏ការតស៊ូរបស់លោកស្រីនេះ ដើម្បីឈានទៅរកការផ្លាស់ប្តូរដែរ ។

លោកស្រីបានថ្លែងទៀតថា «សេចក្តីសំរេច របស់តុលាការ នេះ នៅថ្ងៃនេះ, លោកស្រីចៅ ក្រមមិនបានយកសម្ប ញ្ជញៈ, ហើយអ្វីជាគោលការណ៍ច្បាប់យកមកកាត់ក្តីឱ្យខ្ញុំទេ ។ ការសម្រេចរបស់តុលាការភ្នំពេញ ជាការសំរេចមួយ ដែលខ្ញុំឃើញច្បាស់ថា ជាការសំរេចឈរទៅលើការបញ្ជានៃអ្នកនយោបាយ, ហើយជាការសំរេចមួយ ធ្វើឱ្យយើងជា​ប្រជាពលរដ្ឋស្លូតត្រង់, ហើយនិងខ្ញុំក៏ជាជនរងគ្រោះ...» ។ លោកស្រីបានបន្តថា «នេះជារឿងនយោបាយសុទ្ធសាធ, ហើយខ្ញុំមានការសោកស្តាយណាស់ ដែលលោកស្រីចៅក្រម កាត់ទោសឱ្យខ្ញុំចាញ់ ឱ្យខ្ញុំត្រូវបង់ពិន័យទឹកប្រាក់ទៅរដ្ឋ ចំនួន៨,៥លានរៀល និងជម្ងឺចិត្តលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចំនួន៨លានរៀល ។ ខ្ញុំសូមជំរាបថា ខ្ញុំមិនបានទទួល​នូវយុត្តិធម៌ចំពោះមុខច្បាប់ទេ ពីព្រោះយុត្តិធម៌នៅប្រទេសកម្ពុជាជាប្រព័ន្ធយុត្តិធម៌មួយដែលមិនឯករាជ្យ មិនអព្យាក្រឹត្យ ហើយក៏ពោរពេញទៅដោយអំណាច និងការជ្រៀតជ្រែកនៃអ្នកនយោបាយ ហើយខ្ញុំសូមជម្រាបថា គោលការណ៍ នៃ​ការកាត់ទោសមិនយុត្តិធម៌នេះ ជាគោលការណ៍ដ៏សំខាន់» ។

លោកស្រី បានបញ្ជាក់ទៀតថាសាលក្រមនេះគឺមិនមែនជាការកាត់ទោសទេ តែជាការបញ្ជាទៅតុលាការ របស់អ្នក​នយោបាយ ។ ដូច្នេះការកាត់ទោសអោយលោកស្រីចាញ់នេះ លោកស្រីមិនអាចទទួលយកបានទេ ។

ការប្រកាសសាលក្រមកាលពីថ្ងៃទី៤ សីហា មន្ត្រីតុលាការបានបង្ហើបប្រាប់លោកស្រី មូរ សុខហួរ ថា បើចង់រួចខ្លួនមាន តែសុំទោសលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប៉ុណ្ណោះ។ ការលើកឡើងបែបនេះ, លោកស្រី មូរ សុខហួរ បានថ្លែងនៅក្នុង សន្និសីទកាសែតឯទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ីថា លោកស្រីមិនសុំទោស ឬសុំចរចាដើម្បីចង់បានអំណាចទេ គឺលោកស្រីបានស្នើឱ្យមានការបញ្ឈប់នូវកាសុំទោសទៅអ្នកកាន់អំណាចផងដែរ ។ លោកស្រីបានបញ្ជាក់ថា ទាល់តែ​ផ្លាស់ប្តូរអ្នកដឹកនាំរដ្ឋាភិបាល ទើបមានយុត្តិធម៌ ។

លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី មានប្រសាសន៍ថា លោកគាំទ្រការសំរេចចិត្ត របស់លោកស្រីមូរ សុខហួរ ។ លោកសម រង្ស៊ី បានបន្តថា គណបក្សសម រង្ស៊ី ជាគណបក្សប្រជាធិបតេយ្យ ។ ដូច្នេះមិនគាបសង្កត់ទៅលើសមាជិក ឬ​ថ្នាក់ដឹកនាំណានោះទេ ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "លោកស្រីមូរសុខហួរមិនបង់ប្រាក់ឱ្យលោកហ៊ុនសែនហើយនិងក៏មិនសុំទោស ដែរ"