Featured Posts

Saturday, March 27, 2010

មិនឃិនលក់ការិយាល័យគណៈកម្មាធិការបុណ្យជាតិ មិនចែកប្រាក់អោយបុគ្គលិក

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលក់ការិយាល័យ នៃក្រសួងនោះ
មួយកន្លែងបានប្រាក់ចែកគ្នាជាមួយថ្នាក់លើ ធ្វើអោយបុគ្គលិកថ្នាក់ក្រោមមិន
សប្បាយចិត្ត ហើយព្រមានធ្វើការតវ៉ា។

ការិយាល័យគណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ និងអន្តរជាតិ ដែល
មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិនោះ ត្រូវបានមន្ត្រី នៃ ស្ថាប័ន
ពាក់ព័ន្ធលក់ទៅអោយក្រុមហ៊ុនឯកជនមួយឈ្មោះ ក្រុមហ៊ុនអភិវឌ្ឍន៍ ភាពីម៉ិច
ជាផ្លូវការហើយ បើទោះបីជាការលក់នោះមានការជំទាស់ ពី មន្ត្រីថ្នាក់ក្រោម
ច្រើនយ៉ាងណាក៏ដោយ ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីក្រសួងធម្មការ និង
សាសនា ។

ការជំទាស់របស់បុគ្គលិកនៅថ្នាក់ក្រោមនេះ ដោយសារតែ អ្នកលក់បានប្រាក់
មិនចែកប្រាក់ខ្លះឱ្យបុគ្គលិក ។

អគ្គលេខាធិការរង នៃគណៈ កម្មាធិការរៀបចំបុណ្យជាតិនិង អន្តរជាតិ លោក
ជា សុខុម បាន ប្រាប់ The Cambodia Daily កាលពីថ្ងៃទី២៦ មីនា ២០១០ ថា
អគារនៅក្បែរមាត់ទន្លេ ក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញនោះ ត្រូវបានលក់
ហើយ។ ជាមួយគ្នានោះដែរ បុគ្គលិកដែលបំរើការនៅស្ថាប័ននោះ ក៏ត្រូវ បាន
បញ្ជាអោយរើសម្ភារៈចាកចេញ នៅមុនដំណាច់ខែមីនា ឆ្នាំ២០១០នេះដែរ ។
លោកបានបន្តថា លោកមិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអ្នក
ចាត់ចែងកិច្ចព្រមព្រៀងនេះ ។ លោកបានថ្លែងយ៉ាងដូច្នេះថា «មានសេចក្តី
ប្រកាសមួយដល់បុគ្គលិកទាំងអស់ ឱ្យរើចេញនៅថ្ងៃទី៣១ ខែមីនា ទៅកាន់
ទីតាំងថ្មី ។ ខ្ញុំមិនដឹងថា វាមានតម្លៃប៉ុន្មានទេ ពីព្រោះ លោកមិន ឃិន ជាអ្នក
លក់ការិយាល័យនេះ» ។

លោកខៀវ សិព្វផន មេធាវីគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតមួយច្បាប់
ប្រាប់ដល់បុគ្គលិកគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ និងអន្តរជាតិ កាល
ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១០ ដោយព្រមានមិនឱ្យមានការតវ៉ា នឹងបទបញ្ជា នៃ
ការផ្លាស់ប្តូរការិយាល័យនេះ ។ លោកបានបន្តនៅក្នុងលិខិតថា «ប្រសិនបើអ្នក
មិនគោរពបទបញ្ជានេះទេ ខ្ញុំនឹងរាយការណ៍ អំពីករណីនេះ ទៅគណបក្សប្រជា
ជនកម្ពុជា និងបន្តចាត់វិធានការ» ។

បើយោងតាមការបញ្ជាក់ របស់មេធាវី គណបក្សប្រជាជន រូបនេះបានបញ្ជាក់
ថា ការិយាល័យថ្មីគ្រាន់តែជាអគារបណ្តោះអាសន្នប៉ុណ្ណោះ ។

ពាក់ព័ន្ធនឹងលោកមិន ឈិន លក់ការិយាល័យគណៈកម្មាធិការជាតិ រៀបចំ
បុណ្យជាតិ និងអន្តរជាតិនេះ កាលពីថ្ងៃទី២៦ មីនា ឆ្នាំ២០១០ បុគ្គលិកនានា
បានប្រាប់កាសែតដដែលស្តីអំពីពួកគេមិនសប្បាយចិត្តចំពោះកិច្ចព្រមព្រៀង
លក់ដូរនេះទេ ដោយពួកគេហៅការិយាល័យ ថ្មីថា តូចចង្អៀត សម្រាប់បុគ្គ
លិក៥៨នាក់ ។

បុគ្គលិកម្នាក់បាននិយាយថា បុគ្គលិកទាំងអស់មានអារម្មណ៍ថា ពួកគេសមនឹង
ទទួលបានចំណែកប្រាក់ខ្លះ នៃការលក់ការិយាល័យនេះ ដោយសារពួកគេ
យល់ឃើញថា ទីតាំងថ្មីអន់ជាងទីតាំងចាស់ ។ លោកបានបន្តថា បុគ្គលិកទាំង
អស់កំពុងរៀបចំលិខិត ដែលបានចុះហត្ថលេខាមួយ សំដែងពីការមិនសប្បាយ
ចិត្តរបស់ពួកគេ ។ បុគ្គលិករូបនោះបានថ្លែងសុំមិនឱ្យបញ្ចោញឈ្មោះថា «យើង
គ្រោងនឹងសរសេរលិខិតផ្ញើជូនលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជ
វាំង ដែលជាប្រធានគណៈកម្មាធិការនេះ និងមានសំណើ ខ្លះ សម្រាប់ឱ្យលោក
ជួយដោះស្រាយ» ។

ចំណែកឯបុគ្គលិកម្នាក់ទៀតដែលថ្លែងមិនបញ្ចោញឈ្មោះ បានអះអាងថា ខ្លួន
មិនសប្បាយចិត្តនឹងការលក់ទីតាំងចាស់នេះទេ ដោយបញ្ជាក់ថា បុគ្គលិក ទាំង
អស់ប្រហែលជាតវ៉ា បើសិនជាមិនដោះស្រាយ ប្រាក់ ដែលបានពីលក់អគារ
នោះឱ្យពួកគេខ្លះទេ ។ បុគ្គលិកទាំងនោះបានថ្លែងថា នេះមិនមែន ជាការដោះ
ដូរទេ តែជាការលក់អគារមានតម្លៃខ្ពស់ ទៅទិញអគារតម្លៃថោក ។

គួរបញ្ជាក់ថា ការលក់អគារ ព្រទ្យសម្បត្តិរដ្ឋ ក្រោមរូបភាពប្តូរទីតាំងចាស់
ដែលមានទំហំតូច ហើយទៅទិញតាំងថ្មី ដែលមានទំហំធំនេះ ជាទម្លាប់ របស់
អ្នកមានអំណាចខ្មែរ ទៅហើយ បើទោះបីជាការលក់ដូរនោះធ្វើ អោយមន្ត្រី
ក្រោមឱវាទ មិន សប្បាយចិត្តខ្លាំង ដោយសារតែ ពួកគេមិនបានទទួលផល ពី
ការលក់ដូរនោះ ។

ខ្មែរម្ចាស់ស្រុក មិនអាចសុំការបំភ្លឺពីលោកមិន ឃិន បានទេ, ហើយសារព័ត៌
មានយើង នឹងបន្តតាមដានរឿងនេះជាបន្ត ទៀត ជាពិសេសការព្រមានធ្វើ
បាតុកម្មប្រឆាំងលោកមិន ឃិន ដោយទាមទារចែកប្រាក់ ដែល បានមកពីការ
លក់ការិយាល័យនេះដល់បុគ្គលិកគ្រប់ៗគ្នា៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "មិនឃិនលក់ការិយាល័យគណៈកម្មាធិការបុណ្យជាតិ មិនចែកប្រាក់អោយបុគ្គលិក"

Anonymous said...

Min Khin is a very corrupted person I've ever known.
I knew him since I worked with him under the Republic Regime of Marshall Lon Nol, he was a corrupted court clerk.