Featured Posts

Tuesday, November 24, 2009

អាជ្ញាធរយួនបំផ្លាញបង្គោលឡាក់លេខ១៨៤ដែលសង់ថ្មី ប៉ុន្តែអភិបាលស្រុកចន្ទ្រាថាអត់ដឹង

អាជ្ញាធរឃុំសំរោង នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឱ្យដឹងថាអាជ្ញាធរយួន បានបំផ្លាញបង្គោលឡាក់លេខ១៨៤ សាងសង់ថ្មី ដែលខណ្ឌសីមារវាងប្រទេស កម្ពុជា និងប្រទេសយួនចោលហើយ បន្ទាប់ពីសាយភាយនូវព័ត៌មាននៃការ បាត់បង់ដីស្រែរបស់ប្រជាកសិករ ដែលបណ្តាលមកពីការបោះបង្គោលព្រំដែន ថ្មីនេះ។

ក៏ប៉ុន្តែអភិបាលស្រុកចន្ត្រាលោកជា យាម បានប្រាប់ខ្មែរម្ចាស់ស្រុក តាម ទូរស័ព្ទនៅថ្ងៃម្សិលមិញថា លោកមិនបានដឹងទេ។ បង្គោលឡាក់លេខ១៨៤ នេះ គឺនៅជាប់តម្រុយ ដែលគ្រោងបោះបង្គោលឡាក់លេខ ១៨៥ ដែលមាន ចលនាប្រជាពលរដ្ឋនៅភូមិកោះក្បាន ឃុំសំរោងបំផ្លាញចោលកាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០០៩ ខណៈ ដែលលោកសម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ដង្ហែអង្គកឋិនទៅទីនោះ។

លោក សុភាព ជាជំទប់ទី២ ឃុំសំរោង បានថ្លែងថា កាលពីថ្ងៃទី១៦ វិច្ឆិកា ២០០៩ គឺចំថ្ងៃដែលរដ្ឋសភាបិទទ្វារដកអភ័យឯកសិទ្ធិលោកសម រង្ស៊ី, មាន អាជ្ញាធរយួន ដែលខ្លះមាន ឯកសណ្ឋានជាយោធាបាននាំគ្នាបំផ្លាញចោលនូវ បង្គោលឡាក់លេខ១៨៤ ដែលសង់ជិតរួចជាផ្លូវការហើយនោះ ហើយគេមិន ឃើញភាគីអាជ្ញាធរខ្មែរមានវត្តមាននៅពេលបំផ្លាញបង្គោលឡាក់នោះចោល ទេ ។

លោក សុភាព បានមានប្រសាសន៍ប្រាប់ខ្មែរម្ចាស់ស្រុកតាមទូរស័ព្ទកាលពី ព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០០៩ថា «បង្គោលវ៉ៃបំផ្លាញចោលអស់ហើយតាំងពីថ្ងៃទី១៦ វិច្ឆិកា...ខាងវៀតណាមគេវ៉ៃកំទេចចោល»។ លោកជំទប់ទី២រូបនេះបាន បន្តទៀតថា សកម្មភាពនៃការបំផ្លាញបង្គោលឡាក់នោះ បានធ្វើនៅពេលថ្ងៃ ដែលអ្នកបំផ្លាញមានប្រហែលជាជាង១០នាក់។ ប្រជាពលរដ្ឋខ្មែរក្នុងភូមិ មិន ត្រូវបានអនុញ្ញាតអោយទៅជិតបង្គោលឡាក់នោះទេ។

ទោះជាយ៉ាងណាលោក ជា យាម អភិបាលស្រុកចន្ត្រាបានប្រាប់ខ្មែរម្ចាស់ ស្រុកតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញនេះថា លោកអត់ដឹងទេ, ហើយបានបិទ ទូរស័ព្ទភ្លាម។ លោកជា យាម បានមានប្រសាសន៍ថា »ខ្ញុំអត់ ដឹងទេលោក»។

ខ្មែរម្ចាស់ស្រុក មិនអាចសុំការបំភ្លឺពីលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ព្រំដែនកម្ពុជាដើម្បីអត្ថាធិប្បាយបានទេកាលពីម្សិលមិញ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "អាជ្ញាធរយួនបំផ្លាញបង្គោលឡាក់លេខ១៨៤ដែលសង់ថ្មី ប៉ុន្តែអភិបាលស្រុកចន្ទ្រាថាអត់ដឹង"