ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩
នៅក្នុងការធ្វើបាឋកថានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាក្នុងតំណែងជា ទីប្រឹក្សាសេដ្ឋកិច្ចលោក ហ៊ុន សែន នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០០៩ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងថា លោកមិនសូវជាសប្បាយចិត្តនឹងតំណែងជាទីប្រឹក្សា សេដ្ឋកិច្ចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ។
អតីតនាយករដ្ឋមន្រ្តីធ្លាក់ពីតំណែងដោយរដ្ឋប្រហារមិនបង្ហូរឈាមកាលពីឆ្នាំ២០០៦បានថ្លែងនៅចំពោះមុខអ្នកសេដ្ឋកិច្ចជាង៣រយនាក់កាលពីព្រឹកម្សិលមិញ លោកបានអរគុណលោក ហ៊ុន សែន ដែលបានឲ្យស្នាក់នៅក្នុងប្រទេសកម្ពុជា, ហើយលោកមិនរីករាយទៅនឹងតំណែងជាទីប្រឹក្សានេះទេ។ តែអ្វីដែលចំណេញ ដល់ជាតិទាំងសង្ខាងលោកនឹងធ្វើ, ហើយបើប្រទេសថៃមានការរីកចំរើនល្អនោះ ក៏ធ្វើឲ្យប្រទេសជិតខាងដូចជាកម្ពុជាមានការរីកចំរើនផងដែរ។ជាមួយគ្នានោះដែរ លោកថាក់ស៊ីន បានថ្លែងថា លោកនឹងជួយផ្តល់ជាបទពិសោធន៏ផ្នែកសេដ្ឋកិច្ច ដល់ប្រទេសកម្ពុជា។
ក្នុងការថ្លែងទៅកាន់ក្រុមអ្នកសេដ្ឋកិច្ចប្រមាណជាង៣រយនាក់កាលពីម្សិលមិញ នេះលោកថាក់ស៊ីនក៏មិនភ្លេចវាយប្រហារទៅលើនាយករដ្ឋមន្រ្តីសៀមអាប់ភីស៊ីត វាចាជីវ៉ា នោះទេ។ លោក ថាក់ស៊ីន បានថ្លែងថា លោក អាប់ភីស៊ីត បានធ្វើឲ្យ មានជាតិនិយមជ្រុលពេក ហើយអ្នកដទៃមិនយល់ដូចគាត់ទេ។
នៅទីក្រុងបាងកកវិញ មានសេចក្តីរាយការណ៏មកថា នាយករដ្ឋមន្រ្តីសៀម អាប់ ភីស៊ីត បានថ្លែងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីសៀមថា លោក និងរដ្ឋាភិបាលនឹង ព្យាយាមធ្វើបត្យាប័នដើម្បីឲ្យកម្ពុជាប្រគល់ខ្លួនលោក ថាក់ស៊ីន ជាថ្មីម្តងទៀត។ ជាមួយគ្នានោះដែរ គណៈរដ្ឋមន្រ្តីសៀមក៏កំពុងតែពិចារណាលើកិច្ចព្រមព្រៀង ជាមួយកម្ពុជាជាច្រើនចំណុចទៀត។
មានសេចក្តីរាយការណ៏ថាកាលពីថ្ងៃម្សិលមិញ ប្រទេសកម្ពុជាបានបណ្តេញ លេខាទូតសៀមប្រចាំកម្ពុជាចេញពីប្រទេស។
ជាមួយគ្នានេះនៅមុខស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកមានបាតុករអាវលឿង ប្រមាណ១២០នាក់បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលខ្មែរ ដោយទាមទារឲ្យ មានការបញ្ជូនខ្លួនថាក់ស៊ីនមកកាន់ប្រទេសសៀមវិញ៕
0 comments: on "ថាក់ស៊ីនថាមិនសប្បាយចិត្តនឹងការទទួលយកតំណែងជាទីប្រឹក្សា ហ៊ុន សែន"
Post a Comment